logo logo
banner1
សភាស្លូវេនី អនុម័តគាំទ្រការធានាពីរដ្ឋ ដើម្បីឱ្យក្រុមហ៊ុនថាមពល សំខាន់ៗនៅក្នុងប្រទេស ទទួលបានប្រាក់កម្ជី
 

លោកស្រី Urska Klakocar Zupancic ប្រធានសភានៃសាធារណរដ្ឋស្លូវេនី

 រដ្ឋធានីជួបហ្សាណា៖ កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗនេះ សភានៃសាធារណរដ្ឋស្លូវេនីបានអនុម័តគាំទ្រការធានារបស់រដ្ឋនូវទឹកប្រាក់សរុបចំនួន ១.៦ពាន់លានអឺរ៉ូ (១.៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក) សម្រាប់ជាប្រាក់កម្ចីដល់ក្រុមហ៊ុនថាមពលសំខាន់ៗរបស់ប្រទេសមួយនេះ។ ទំហំទឹកប្រាក់ខាងលើនឹងជួយឱ្យ​ក្រុមហ៊ុនថាមពលទាំងនោះ មានសន្ទនីយភាព (សាច់ប្រាក់)គ្រប់គ្រាន់ដើម្បី ទិញអគ្គិសនី និងឧស្ម័នធម្មជាតិ នៅចំពេលដែលតម្លៃថាមពលកំពុងកើនឡើងយ៉ាងរហ័ស។

​ការធានាចំពោះក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋស្លូវេនី ចំនួន៣ក្រុមហ៊ុន ត្រូវបានអនុម័តគាំទ្រដោយសមាជិកសភាចំនួន ៦៣រូប នៃសភាដែលមាន ៩០អាសនៈ។ ក្រុមហ៊ុន​ផលិត និងលក់ថាមពល HSE Group នឹងទទួលបានការធានាពីរដ្ឋ ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ ៨០០លានអឺរ៉ូ។ ក្រុមហ៊ុនផលិតនិងលក់ថាមពលមួយទៀត គឺក្រុមហ៊ុន GEN Energija ក៏ដូចជា ក្រុមហ៊ុនលក់ឧស្ម័នធម្មជាតិ Geoplin នឹងទទួលបានប្រាក់កម្ចី រហូតដល់ ៤០០លានអឺរ៉ូ រៀងៗខ្លួន។ រដ្ឋនឹងធានារហូតដល់ ៨០% នៃប្រាក់កម្ចី​ទាំងនេះ។ ការធានាសម្រាប់ក្រុមហ៊ុន Geoplin ដើម្បីទទួលបានប្រាក់កម្ចីយកទៅទិញឧស្ម័ន(ហ្គាស) ពីខាងក្រៅសហភាពអឺរ៉ុប។

​លោកស្រី Tina Sersen រដ្ឋលេខាធិការក្រសួងហេដ្ឋារចនាសម្ព័ន្ធស្លូវេនីបានថ្លែងប្រាប់សភា មុនពេលបោះឆ្នោតថា “គោលបំណងនៃច្បាប់នេះ គឺដើម្បីឱ្យក្រុមហ៊ុនទាំងនេះ​អាច​ទទួល​បាន​ធនធានសាច់ប្រាក់រយៈពេលខ្លី… ដែលនឹងធានាស្ថិរភាព និងភាពជឿជាក់សម្រាប់អ្នកប្រើប្រាស់ថាមពលនៅក្នុងប្រទេស ស្លូវេនី”។ សមាជិកសភាក៏បានអនុម័ត​នូវច្បាប់ដាច់ដោយឡែកមួយដែលនឹងបង្កើនអំណាចរបស់រដ្ឋា    ភិបាលរហូតដល់ដំណាច់ឆ្នាំ២០២៥ ក្នុងការត្រួតពិនិត្យការផ្គត់ផ្គង់ និងការចែកចាយថាមពល ក្នុងករណី វិបត្តិថាមពលកើតមានឡើង។ ច្បាប់នេះក៏នឹងផ្តល់អំណាចផងដែរដល់រដ្ឋាភិបាលក្នុងការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនកម្តៅនៅតាមស្ថាប័នសាធារណៈ និងបិទភ្លើងនៅតាម​ទីសាធារណៈប្រសិនបើចាំបាច់។

គួរបញ្ជាក់ផងដែរថា សភាស្លូវេនីបានអនុម័តនូវវិធានការនានា នៅមុនពេលរដូវកាលប្រើប្រាស់ម៉ាស៊ីនកម្តៅច្រើនមកដល់(heating season) ដែលជាទូទៅក្នុងប្រទេសស្លូវេនី កើតមានឡើងចាប់ពីខែតុលា រហូតដល់ខែមេសា ឆ្នាំបន្ទាប់៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20220914/6e079cad2ad3445f9a98ea9d7fc0977a/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`