លោក Raja Pervaiz Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
លោក Raja Pervaiz Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានថ្លែងថា សមាជិកសភានៃប្រទេសនានា នៅលើពិភពលោក គួរតែយល់ពីតួនាទី និងការរួមចំណែករបស់ខ្លួន ដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយបញ្ហាប្រឈមបម្រែបម្រួលអាកាសធាតុសកល ដែលជាការគំរាមកំហែងមួយដ៏ពិតប្រាកដដល់សន្តិសុខមនុស្សជាតិ។
លោក Ashraf បានថ្លែងបែបនេះ នៅពេលលោកថ្លែងសុន្ទរកថាក្នុង “សិក្ខាសាលាថ្នាក់តំបន់លើកទី៣ របស់សហភាពអន្តរសភា(IPU) ស្តីពីការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) សម្រាប់សភាអាស៊ី-ប៉ាស៊ីហ្វិក” ដែលធ្វើឡើងនៅក្នុងវិមានសភាប៉ាគីស្ថាន។ លោក Ashraf បានថ្លែងបន្តថា ប៉ាគី-ស្ថានស្ថិតក្នុងចំណាត់ទី៨ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីបម្រែបម្រួលអាកាសធាតុ បើទោះបីជាខ្លួនបានរួមចំណែកមិនដល់ ១%ផង ក្នុងការបំភាយកាបូនសកល។ ករណីទឹកជំនន់ថ្មីៗនេះក្នុងប្រទសប៉ាគីស្ថានបានបណ្តាលមានការបាប់បង់ជីវិតមនុស្សដ៏មានតម្លៃ និងបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន រួមមាន ផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀន និងមូលដ្ឋានសុខាភិបាល ។ល។
លោក Ashraf បានថ្លែងថា សិក្ខាសាលាខាងលើនឹងផ្តល់ឱ្យយើងនូវឱកាសមួយទាន់ពេលវេលា ក្នុងការវាយតម្លៃឡើងវិញលើយុទ្ធសាស្រ្តជាតិ និងតំបន់ ឆ្ពោះទៅសម្រេចបានគោលដៅ SDGs រហូតដល់ ឆ្នាំ២០៣០ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសង្គមដ៏ធំធេងដែលយើងបានពើបប្រទះ ដោយសារតែការរាតត្បាតជា សកលនៃជំងឺកូវីដ-១៩។ សិក្ខាសាលានេះក៏នឹងជួយក្នុងការវាយតម្លៃលើបញ្ហាប្រឈមនៃការផ្តល់ការងារធ្វើសមរម្យ សមធម៌សុខភាព និងការធានានូវសន្តិសុខស្បៀងនៅក្នុងពិភពលោក ដែលបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ នៅក្នុងទម្រង់នៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅតំបន់ខ្លះ ប៉ុន្តែបែរជាមានទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ដទៃ។
លោក Ashraf បានធានាថា រដ្ឋសភាប៉ាគីស្ថាននឹងបន្តដើរតួនាទីបុរេសកម្ម ក្នុងនាមជារដ្ឋសមាជិកសហភាពអន្តរសភា(IPU) តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រជាធិបតេយ្យជាប្រពៃណី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីដាក់ចេញនូវនវានុវត្តន៍ថ្មីនៃយន្តការសភា ដើម្បីធ្វើឱ្យក្លាយទៅជាទម្លាប់មួយសម្រាប់របៀបវារៈនៃការអភិវឌ្ឍន៍ឆ្នាំ២០៣០៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://dailytimes.com.pk/996825/parliamentarians-need-to-play-role-to-address-climate-change-impacts-na-speaker/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម