លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភានៃព្រះរាជាណាចក្រស៊ុយអែត ឆ្នាំ២០២២ ដែលប្រកាសចេញកាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញថា ក្រុមគណបក្សប្រឆាំង The Blue Bloc ទទួលបានសំឡេងឆ្នោតគាំទ្រ ៤៩.៧% នាំមុខយ៉ាងប្រផិតប្រផើយនៅក្នុងការប្រកួតប្រជែង ការបោះឆ្នោត។
ក្រុមគណបក្ស The Blue Bloc រួមមាន គណបក្ស Moderate គណបក្សគ្រិស្តសាសនិកប្រជា ធិបតេយ្យ គណបក្សសេរីនិយម និងគណបក្សប្រជាធិបតេយ្យស៊ុយអែត។ ក្រុមគណបក្ស The Red Bloc រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្ស Left គណបក្ស Green និងគណបក្ស Centre ទទួលបានសំឡេងឆ្នោត ៤៨.៨% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានចិន ស៊ីនហួរ។ គណបក្សធំៗចំនួន ៣ រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យស៊ុយអែត និងគណបក្ស Moderate ទទួលបានសំឡេងឆ្នោតគាំទ្រ ៣០.៥% ២០.៧% និង១៩% រៀងៗខ្លួន។
ជាមួយនឹងការរាប់សន្លឹកឆ្នោតបាន ៩២% បានរកឃើញថា ក្រុមគណបក្ស The Blue Bloc ទទួលបាន ១៧៦ អាសនៈ ក្រុមគណបក្ស The Red Bloc ទទួលបាន១៧៣អាសនៈ ធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតមួយនេះស្ថិតក្នុងស្ថានភាពមួយដ៏ផុយស្រួយ។ នៅក្នុងសភាស៊ុយអែតមាន ៣៤៩អាសនៈ ហើយសម្រាប់ការបោះឆ្នោតនៅក្រៅប្រទេសនឹងត្រូវធ្វើការរាប់សន្លឹកឆ្នោតនៅក្នុងសប្តាហ៍នេះ។