លោកប្រធានាធិបតី Vladimir Putin (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Li Zhanshu
កាលពីថ្ងៃពុធ ទី០៧ ដល់ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនសាធារណរដ្ឋប្រជាមានិតចិន(NPC) បានអញ្ជើញទៅបំពេញទស្សន កិច្ចសុច្ឆន្ទៈជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក Vyacheslav Volodinប្រធានសភា ជាន់ទាប(សភាឌូម៉ា)។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Li បានជួបសន្ទនាការងារជាមួយលោកប្រធានាធិបតី Vladimir Putin នៅរដ្ឋធានី Vladivostok ភាគខាងកើតឆ្ងាយពីប្រទេសរុស្ស៊ី, ជួបសន្ទនាជាមួយលោក Volodin និង លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី(សភាជាន់ខ្ពស់) រៀងគ្នានៅក្នុងរដ្ឋធានីមូស្គូ ហើយក៏បានជួបសន្ទនាជាមួយមេដឹកនាំនៃរដ្ឋឌូម៉ា ចំនួន៥ផ្សេងទៀតផងដែរ។ ក្នុងអំឡុងពេល ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Li បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងជូនពរពីប្រធានាធិបតីចិន Xi Jinping ទៅកាន់លោក Putin។ លោក Li បានមានប្រសាសន៍ថា ក្រោមការណែនាំ ជាយុទ្ធសាស្ត្រ និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Xi និងលោកប្រធានាធិបតី Putin ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលរវាងចិន និងរុស្ស៊ីបានរក្សានូវសន្ទុះនៃការអភិវឌ្ឍយ៉ាងរឹងមាំ។ ក្នុងអំឡុងពេលជួបសន្ទនាជាមួយលោក Volodin និងលោកស្រី Matviyenko លោក Li បានមានប្រសាសន៍ថា ភារកិច្ចសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និង រុស្ស៊ី គឺដើម្បីជំរុញការអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ និងផ្តល់ការការ ពារផ្នែកច្បាប់សម្រាប់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។
ទាំងលោក Volodin និងលោកស្រី Matviyenko ជាថ្មីម្តងទៀតបានថ្កោលទោសចំពោះដំណើរទស្សន កិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងអាមេរិក ទៅកាន់តំបន់កោះតៃវ៉ាន់របស់ប្រទេសចិន ដោយបានមានប្រសាសន៍ថា រុស្ស៊ីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយមាន ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សមភាព និងអត្ថប្រយោជន៍ទៅវិញទៅមក។ ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីមូស្គូ លោក Li បានអញ្ជើញ ទៅដាក់កម្រងផ្កានៅផ្នូររបស់ទាហានមិនស្គាល់អត្តសញ្ញាណ ហើយបានអញ្ជើញទៅទស្សនាអតីតលំនៅឋានរបស់លោក Vladimir Lenin ៕
http://ព័ត៌មានសភាអន្តរជាតិ ១២-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220910/48d568cea32e493ab163c2eec3347620/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម