logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសន្ទនាការងារជាមួយប្រធាន អាជ្ញាធរសវនកម្មឡាវ
 

 

លោក Vuong Dinh Hue (ស្តាំ) ជួបសន្ទនាការងារជាមួយលោក Viengthavisone Thephachanh

​លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ ថា លោកសង្ឃឹមថា ទីភ្នាក់ងារសវនកម្មរដ្ឋនៃប្រទេសវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងបង្កើនបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍​សម្រាប់​សវនករ​របស់ពួកគេ។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅរដ្ឋធានីហាណូយ កាលពីថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោក Viengthavisone Thephachanh ប្រធានអាជ្ញាធរសវនកម្មរដ្ឋឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកញ្ញា លោក Hue បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមត្រៀមខ្លួន​ជាស្រេច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ និងបំពេញភារកិច្ចដែលបានកំណត់។ ឆ្លៀតក្នុងឱកាសនោះ លោក Viengthavisone បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពសវនកម្មរដ្ឋ ដើម្បីបង្កើនវិន័យក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ សាធារណៈ និងទ្រព្យសម្បត្តិ។ បន្ទាប់ពីបានជម្រាប​ជូនប្រធានរដ្ឋសភាវៀតណាមអំពីលទ្ធផលនៃកិច្ចប្រជុំ ការងារជាមួយការិយាល័យសវនកម្មរដ្ឋវៀតណាម (SAV) នាព្រឹកថ្ងៃដដែលនោះ មន្ត្រីឡាវបានមានប្រសាសន៍ថា លោកនឹងស្នើរដ្ឋសភាឡាវពិចារណា និងធ្វើវិសោធនកម្មច្បាប់ស្តីពីសវនកម្មរដ្ឋ និងបង្កើតបទប្បញ្ញត្តិសម្រាប់ទីភ្នាក់ងារសវនកម្មឡាវ ដើម្បីប្រតិបត្តិការកាន់តែមាន​ប្រសិទ្ធភាព។ ដោយយល់ស្របនឹងការលើកឡើងរបស់មន្ត្រីឡាវ លោក Hue បានបញ្ជាក់ថា រដ្ឋសភាវៀតណាម និង SAV មានឆន្ទៈចែក រំលែកបទពិសោធន៍ជាមួយសមភាគី​ឡាវក្នុងការត្រួតពិនិត្យ និងបំពេញបន្ថែមច្បាប់ស្តីពីសវនកម្មរដ្ឋនៃប្រទេសឡាវ។

ឆ្លៀតក្នុងឱកាសនោះ លោក Hue បានស្នើឱ្យស្ថាប័នសវនកម្មរដ្ឋនៃប្រទេសទាំងពីរបន្តរក្សាយន្តការ សហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋរបស់វៀតណាម ឡាវ និង​កម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិ ការនៅក្នុងអង្គការដូចជា អង្គការអាស៊ីនៃស្ថាប័នសវនកម្មជាន់ខ្ពស់ (ASOSAI) និងស្ថាប័នសវនកម្មជាន់ខ្ពស់អាស៊ាន (ASEANSAI) ៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-receives-president-of-state-audit-authority-of-laos/236929.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`