logo logo
banner1
តុលាការកំពូលអ៊ីរ៉ាក់ថ្លែងថា ខ្លួនមិនអាចរំលាយសភាបានទេ ក្នុងពេលដែលភាពជាប់គាំងនៅតែបន្តកើតមាន
 

លោក Moqtada al-Sadr បព្វជិតនិកាយស៊ិអ៊ីតអ៊ីរ៉ាក់ ដ៏មានឥទ្ធិពល

​រដ្ឋធានីបាកដាដ៖  កាលពីថ្ងៃពុធ ទី០៧ ខែកញ្ញា  ឆ្នាំ២០២២  តុលាការកំពូលនៃសាធារណរដ្ឋអ៊ីរ៉ាក់ បានចេញដីការសម្រេចថា ខ្លួនមិនអាចរំលាយសភាបានទេ។ ការរំលាយ​សភាគឺជាការទាមទារដ៏សំខាន់ មួយរបស់លោក Moqtada al-Sadr បព្វជិតនិកាយស៊ិអ៊ីតអ៊ីរ៉ាក់ដ៏មានឥទ្ធិពល និងអ្នកគាំទ្ររបស់គាត់ រាប់លាននាក់ ហើយក៏ជាចំណុច​ជាប់គាំងដ៏​សំខាន់មួយក្នុងការតស៊ូអំណាច ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម នៅក្នុងទីក្រុងបាកដាដ កាលពីចុងខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ។

​តុលាការកំពូលសហព័ន្ធក្នុងប្រទេសអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយថា សភាត្រូវតែរំលាយ ដោយខ្លួនឯង ប្រសិនបើត្រូវបានចាត់ទុកថា មិនអាចបំពេញករណីយកិច្​ចរបស់ខ្លួនបាន។ សភាអ៊ីរ៉ាក់គឺជា ស្ថាប័នដ៏មានអំណាចមួយ ដែលជ្រើសរើសប្រធានាធិបតី និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងអនុម័តច្បាប់ទាំង ឡាយទាំងពួង។ គួរបញ្ជាក់​ផងដែរថា វិបត្តិនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ បានចាប់ផ្តើមឡើង បន្ទាប់ពីការបោះឆ្នោតក្នុងខែតុលា ឆ្នាំ២០២១ នាំទៅដល់អំពើហិង្សានៅលើដងផ្លូវ ជាមួយនឹងការ​ប៉ះ​ទង្គិចគ្នាដ៏ ធ្ងន់ធ្ងរបំផុត ដែលប្រទេសនេះបានចួបប្រទះ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។

​អ្នកគាំទ្រប្រដាប់អាវុធរបស់លោក al-Sadr បានបាញ់គ្នាទៅវិញទៅមកដោយកាំភ្លើងយន្ត និងគ្រាប់ រ៉ុកកែតជាមួយនឹងកម្លាំងរបស់រដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់​ដែល​គាំទ្រដោយអ៊ីរ៉ង់ កាលពីចុងខែសីហា ឆ្នាំ២០២  បន្ទាប់ពីលោក al-Sadr បានលាឈប់ពីនយោបាយ និងអនុញ្ញាតឱ្យក្រុមបាតុករវាយសង្រ្គប់ចូលក្នុងអគាររដ្ឋាភិបាល។ លោក al-Sadr គឺជាអ្នកទទួលជ័យជម្នះដ៏ធំជាងគេនៃការបោះឆ្នោត   ខែតុលា ប៉ុន្តែសមាជិកសភាទាំងអស់របស់គាត់បានដកខ្លួនចេញពីសភា ស្មើនឹងជិត ១ភាគ៤ នៃសមាជិក​សភា កាលពីខែមិថុនា ឆ្នាំ២០២២ និងបានងាកទៅរកការធ្វើបាតុកម្មតាមដងផ្លូវ ក្រោយពីគណបក្សរបស់ខ្លួនទទួលបរាជ័យមិនអាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន។

ប្រជែងរបស់លោក al-Sadr ភាគច្រើន គឺជាគណបក្សដែលគាំទ្រដោយអ៊ីរ៉ង់រួមជាមួយនឹងក្រុមប្រដាប់អាវុធ ក៏បានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីផងដែរ នៅចំពោះ​មុខការ​ប្រឈមនឹងការប្រឆាំងតវ៉ា និងភាពចលាចល៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.swissinfo.ch/eng/top-iraq-court-says-it-cannot-dissolve-parliament-as-stalemate-continues/47882268



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`