លោក Li Zhanshu សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រជាជនចិន(NPC)
រដ្ឋធានីប៉េកាំង៖ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន (NPC)នឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) នៅក្នុងសប្តាហ៍នេះ ដើម្បី ចួបពិភាក្សាការងារជាមួយលោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។ នេះបើតាមការិយាល័យប្រធានរដ្ឋសភាកូរ៉េបានថ្លែងឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច ៤ប្រទេស របស់លោក Li ដែលបច្ចុប្បន្ននេះ លោកគឺជា មនុស្សមានអំណាចលំដាប់ទី៣ នៅក្នុងជួរបក្សកុម្មុយនិស្ត ចិន(CCP)។ លោក Li មានគម្រោងទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដោយស្នាក់នៅទីនោះ រយៈពេល ៣ថ្ងៃ ដែលលោកនឹងដឹកនាំគណៈប្រតិភូដែលមានសមាជិកជាច្រើនរូប ក្នុងរួមទាំងថ្នាក់រដ្ឋមន្រ្តី ចំនួន ៤រូប និងថ្នាក់អនុរដ្ឋមន្រ្តីចំនួន ៣៤រូបផងដែរ។ លោក Li និងលោក Kim មានគម្រោងនឹងចួបពិភាក្សាការងារនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លើកិច្ចការជាច្រើន ក្នុងនោះរួមទាំង ការរិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ក្នុងពេលដែលកូរ៉េ ខាងត្បូង និងចិនប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតចំណងកាទូតនៅក្នុងឆ្នាំនេះ។ នេះបើតាម ការិយាល័យរបស់លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសព័ត៌មានមួយ។
លោក Li ក៏ប្រហែលជានឹងមានជំនួបផងដែរ ជាមួយលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង នៅចំពេលដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០២២មក នោះនឹងមានកិច្ចប្រជុំកំពូលដោយចួបមុខគ្នាផ្ទាល់ជាលើកដំបូងជាមួយលោក Xi Jingping ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន។ វានឹងក្លាយជាលើកដំបូងបំផុតសម្រាប់ប្រធានសភាប្រជាជនចិន ដែលនឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Zhang Dejiang ក្នុងឆ្នាំ២០១៥មក។
គួរបញ្ជាក់ផងដែរថា លោក Li ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី ម៉ុងហ្គោលី និងប្រទេសនេប៉ាល់ផងដែរ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ លោក Li នឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ នៅក្នុងទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.koreaherald.com/view.php?ud=20220904000121
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម