ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍France 24 នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ ២០២២ លោកWu Chih-chung ប្រេសិតកោះតៃវ៉ាន់ប្រចាំសាធារណរដ្ឋបារាំង បានឱ្យដឹងថា គណៈប្រតិភូមួយក្រុមរបស់ព្រឹទ្ធសភាបារាំង គ្រោងនឹងធ្វើដំណើរមកដល់តៃវ៉ាន់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ គណៈប្រ តិភូព្រឹទ្ធសភានេះដឹកនាំដោយ លោកCyril Pellevat អនុប្រធានគណៈកម្មាធិការកិច្ចការអឺរ៉ុប និងលោកOlivier Cardic អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និងកម្លាំងប្រដាប់អាវុធ។ នេះគឺជាដំណើរទស្សនកិច្ចលើកទី២ ក្នុងឆ្នាំ២០២២នេះ របស់គណៈប្រតិភូព្រឹទ្ធសភាបារាំងមកតៃវ៉ាន់។ កាលពីខែមិថុនា ឆ្នាំ២០២២ លោកJoel Guerriau អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាបារាំង បានដឹកនាំក្រុមសមាជិកសភាបារាំងមួយក្រុម មកជួបមន្រ្តីជាន់ខ្ពស់របស់តៃវ៉ាន់ ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលរួមមានបញ្ហាសន្តិសុខតំបន់ នវានុវត្តន៍បច្ចេកវិទ្យា ការផ្គត់ផ្គង់ខ្សែសង្វាក់ឧស្សាហកម្ម និងបញ្ហាផ្សេងៗទៀតដែលជាអត្ថប្រយោជន៍បារាំង-តៃវ៉ាន់។ ឆ្លើយនឹងសំណួររបស់ទូរទស្សន៍Franace 24 ដែលសួរថា តើការគាំទ្រកោះតៃវ៉ាន់របស់ប្រទេសបារាំង មានកម្រិតដូចគ្នានឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ដែរឬទេ? លោកWuបានឆ្លើយថា៖”គេមិនគួរធ្វើការប្រៀបធៀបបែបនេះឡើយ។ ការគាំទ្ររបស់ប្រ- ទេសបារាំង មានសារៈសំខាន់ខ្លាំងចំពោះតៃវ៉ាន់។ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រីNancy Pelosi ប្រធានសភាតំណាងរបស់សហរដ្ឋអាមេរិកកាលពីខែសីហា មកដល់ពេលនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាបារាំងនាពេលខាងមុខនេះ ជាការបង្ហាញអំពីការគាំទ្រលើកដំបូងថែមទៀតពីប្រទេសដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប(បា រាំង)។” ក្នុងឆ្នាំ២០២១ ព្រឹទ្ធសភា និងរដ្ឋសភាបារាំង បានអនុម័តលើសេចក្តីសម្រេចមួយ គាំទ្រការចូលរួមរបស់តៃវ៉ាន់ក្នុងអង្គការអន្តរជាតិនានា។
លោកWu បានថ្លែងបន្តទៀតថា៖ ”ទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិក និងគណៈប្រតិភូសភាបារាំង បានបង្ហាញថាពិភពលោកព្រួយបារម្មអំពីស្ថិរភាពនៅច្រកសមុទ្ទតៃវ៉ាន់ ហើយការគាំទ្រលទ្ធិប្រ ជាធិបតេយ្យ គឺមានសារៈសំខាន់ខ្លាំងក្នុងការលើកទឹកចិត្តតៃវ៉ាន់ឱ្យទប់ទល់នឹងសម្ពាធរបស់ចិន រក្សាបាននូវស្ថិរភាពក្នុងតំបន់ និងរក្សាបានអត្ថប្រយោជន៍របស់ពិភពលោក។” លោកWu បានលើកឡើងបន្ថែមទៀតថា៖ ”របាយការណ៍របស់អង្គការសហប្រជាជាតិដែលផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ស្តីអំពីទង្វើរបស់ចិនលើជនជាតិអ៊ុយហ្គ័រ(Uyghurs) គឺមានសារៈសំខាន់ខ្លាំង។ វាគឺជារឿងល្អខ្លាំង ដែលយើងលើកឡើងឱ្យបានកាន់តែញឹកញាប់ អំពីស្ថានភាពនៅតៃវ៉ាន់ ហុងកុង និងខេត្តស៊ីជាំង(Xinjian)…៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០៩-២២- មាស តូនី ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4645528
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម