លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន
លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា លោកនឹងពន្យល់ក្នុងសភា ថាតើហេតុអ្វី បានជារាជរដ្ឋាភិបាលជប៉ុន គ្រោងរៀបចំពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី Abe Shinzo។ ការថ្លែងរបស់លោក Kishida បែបនេះ ធ្វើឡើង បន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងជាច្រើនរូបបានទាមទារឱ្យរាជរដ្ឋាភិបាលរបស់លោកផ្សព្វផ្សាយអំពីតម្លៃនៃសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ។
លោក Kishida បានធ្វើសន្និសីទសារព័ត៌មានមួយតែម្នាក់ឯងលើកដំបូង ចាប់តាំងពីលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ មក។ ថ្លែងបា្រប់អ្នកសារព័ត៌មាន លោក Kishida បានសន្យាថា នឹងជម្រាបជូនសាធារណជនអំពី សារៈសំខាន់នៃពិធីបុណ្យសពនៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
លោក Kishida បានថ្លែងបន្តទៀតថា «ដោយសារនាយករដ្ឋមន្ត្រីជាអ្នកសម្រេចរៀបចំពិធីបុណ្យសពជាតិនេះ ខ្ញុំត្រូវទទួលខុសត្រូវចំពោះការរិះគន់ពីមជ្ឈដ្ឋាននានា និងឆ្លើយតបនឹងការរិះគន់នេះដោយផ្ទាល់។ យើងនឹងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ការពន្យល់លម្អិតនូវអ្វីដែលរដ្ឋបាលរបស់ លោកបានសន្យាធ្វើ ចាប់តាំងពីចូលកាន់តំណែងមក»។
លោក Kishida បានបន្តទៀតថា លោក Abe ជាមនុស្សមានឥទ្ធិពល មិនគ្រាន់តែក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលនៅជុំវិញពិភពលោកផងដែរ។ លោក Kishida បានថ្លែងទៀតថា ពិធីបុណ្យសពនេះ នឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំអន្តរជាតិសម្តែងនូវសមានទុក្ខរបស់ខ្លួន។ លោក Kishida ក៏បានថ្លែងផងដែរថា ពិធីបុណ្យសពនេះ នឹងបង្ហាញថា រាជរដ្ឋាភិបាលជប៉ុន មិនអត់ឱនឱ្យបានឡើយនូវរាល់សកម្មភាពរំលោភបំពានបែបនេះ។
អតីតមេដឹកនាំជប៉ុនរូបនេះ ត្រូវបានគេធ្វើឃាតក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ជប៉ុន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ បុរសជាជនសង្ស័យក្នុងករណីឃាតកម្មនេះ បាននិយាយប្រាប់នគរបាលថា ខ្លួនជឿជាក់ថា លោក Abe បានជាប់ពាក់ព័ន្ធនឹងការបង្រួបបង្រួមព្រះវិហារសាសនាគ្រិស្តមួយកន្លែង។ បុរសជាជនសង្ស័យរូបនេះបានអះអាងថា ក្រុមនេះបានធ្វើឱ្យគ្រួសាររបស់លោកក្ស័យធន៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20220831_30/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម