រូបភាពឯកសារ៖អ្នកចូលរួមចែករំលែកបទពិសោធនៅឯកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៣
នៅក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក
កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៤ នៃបណ្តាប្រទេសជាសមាជិកសហភាពអន្តរសភា(IPU)នឹងធ្វើឡើងនៅក្នុងទីក្រុងតាស្កិន នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន នៅថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ សហភាពអន្តរសភា គឺជាអង្គការសភាអន្តរជាតិមួយមានភាពចំណាស់ជាងគេបំផុត ដោយមានរដ្ឋជាសមាជិកចំនួន ១៧៨ ប្រទេសនៅទូទាំងពិភពលោក។
ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី១៤ នៃប្រធានសភាជាស្រ្តីត្រូវបានសម្រេចនៅឯកិច្ចប្រជុំកំពូលលើកទី១៣ នៅក្នុងទីក្រុងវីយ៉ែន នៃសាធារណរដ្ឋទ្រីស កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២១នោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភា អ៊ូសបេគីស្ថាន បានគោរពអញ្ជើញបណ្តាប្រធានសភាជាស្រ្តី មកកាន់ប្រទេសអ៊ូសបេគីស្ថានដើម្បីចូលរួម ក្នុងកិច្ចប្រជុំលើកទី១៤។ លោកស្រី Narbaeva បានសង្កត់ធ្ងន់ពីកំណែទម្រង់ដែលកំពុងតែបន្តធ្វើឡើង នៃសមភាពយែនឌ័រនៅក្នុងប្រទេស អ៊ូសបេគីស្ថាន នៅក្នុងសារជាវីដេអូរបស់លោកស្រី។
លោកស្រី Narbaeva បានថ្លែងថា អ៊ូសបេគីស្ថានគាំទ្រ និងលើកទឹកចិត្តដល់ការចូលរួមរបស់ស្រ្តី នៅក្នុងវិស័យសេដ្ឋកិច្ច និងសម្របសម្រួលពួកគេ ដោយការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ផ្តល់ជំនួយ ឥណ-ទាន និងប្រាក់កម្ចី។ ការអប់រំ និងការបណ្តុះបណ្តាលកុមារី និងស្រ្តី គឺស្ថិតក្នុងចំណោម អាទិភាពកំពូលរបស់អ៊ូសបេគីស្ថាន ក្នុងយុគសម័យក្រោយ ជំងឺកូវីដ-១៩ លោកស្រី Narbaeva បានថ្លែងបញ្ជាក់បែបនេះ ដោយកត់សម្គាល់ពីភាព ចាំបាច់របស់ស្រ្តីក្នុងការចូលរួមក្នុងឆាកនយោបាយឱ្យបានសកម្ម។
ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលខាងលើ ត្រូវបានគេមើលឃើញថា គឺជាការទទួលស្គាល់មួយដ៏សំខាន់នៃការអភិវឌ្ឍរបស់សភាអ៊ូសបេគីស្ថាន ភាពជឿនលឿនក្នុងគោលនយោបាយយែនឌ័រ និងកំណែទម្រង់ប្រជាធិបតេយ្យរបស់ខ្លួន។ នៅឯកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៤ នៃបណ្តាប្រទេស ជាសមាជិកសហភាពអន្តរសភា(IPU) សេចក្តីប្រកាសទីក្រុងតាស្កិន គ្រោងនឹងអនុម័តនៅពេលនោះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.koreaherald.com/view.php?ud=20220828000199
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម