logo logo
banner1
ប្រទេសចិន និងតួកគី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា
 

លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោក Mustafa Sentop តាមរយៈប្រព័ន្ធនិម្មិត

កាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណ រដ្ឋប្រជាមានិតចិន បានជួបសន្ទនាការងារ ជាមួយលោក Mustafa Sentop ប្រធានសភានៃសាធារណរដ្ឋតួកគីតាមរយៈប្រព័ន្ធនិម្មិត ដោយភាគីទាំងពីរបានប្តេជ្ញាថានឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ សភា។

លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន(NPC) បានមានប្រសាសន៍ថា ក្រោម ការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-តួកគីរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍដ៏រឹងមាំ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ បាននឹងកំពុងរីកចម្រើន ទៅមុខ។ លោកបានមានប្រសាសន៍បន្តទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីតួកគី ដើម្បីអនុវត្តន៍ទាំងស្រុងនូវការឯកភាព ដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងភាពជិតស្និទ្ធនៃទំនាក់ទំនង សហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី។ លោក Li បានចង្អុលបង្ហាញថា ការជឿទុកចិត្ត គ្នាខាងនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក គួរតែត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីអភិវឌ្ឍទំនាក់ទំនង ចិន-តួកគី។ លោកបានកត់សម្គាល់ថា ប្រទេសចិនគាំទ្រតួកគីយ៉ាងមុតមាំក្នុងការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី គោរពជម្រើសនៃផ្លូវអភិវឌ្ឍន៍របស់តួកគី ដោយគិតពីលក្ខខណ្ឌជាតិ របស់ខ្លួន និងគាំទ្រតួកគីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ សភាប្រជាជនចិនមានឆន្ទៈអនុវត្តន៍ការ ប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូរជាមួយសភា តួកគីនៅគ្រប់កម្រិត និងតាមរយៈបណ្តាញជាច្រើន ព្រមទាំងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការសភាពហុភាគី ដើម្បីការពារផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។

លោក Sentop បានមានប្រសាសន៍ថា តួកគីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនង មិត្តភាពជាមួយប្រទេសចិន ដោយប្រកាន់ខ្ជាប់ យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជា កិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែ ក្រវាត់មួយ ពាណិជ្ជកម្ម និងការវិនិយោគ វប្បធម៌ និងសុខភាព។ លោកបានបន្ថែមថា សភាតួកគីសង្ឃឹមថា នឹងពង្រឹងការផ្លាស់ប្តូរជាមួយសភាប្រជាជនចិន និងធ្វើការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍថ្មីៗនៅក្នុងទំនាក់ ទំនងតួកគី-ចិន ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220824/a3dc62f256074498b3d1d4bf0c0bce12/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`