logo logo
banner1
ប្រធានរដ្ឋសភាឥណ្ឌា អញ្ជើញដល់ប្រទេសកាណាដា ដើម្បីចូលរួមក្នុងសន្និសីទសភាលើកទី៦៥ នៃសមាគមប្រជាជាតិ Commonwealth
 

 លោក Om Birla ប្រធានរដ្ឋសភាឥណ្ឌា អញ្ជើញដល់ទីក្រុង Toronto ប្រទេសកាណាដា

លោក Om Birla ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញដល់ទីក្រុង Toronto ប្រទេស កាណាដា ដើម្បីចូលរួមក្នុងសន្និសីទសភាលើកទី៦៥ នៃសមាគមប្រជាជាតិ Commonwealth។ លោកប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូសភាឥណ្ឌាមួយក្រុមនឹងចូលចួបពិភាក្សាទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាអន្តរជាតិ និងសមាជិកសភានៃប្រទេសនានា ដើម្បីពង្រឹងប្រជាធិបតេយ្យ។ លោក Birla​ បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់លោកថា “បានមកដល់ទីក្រុង Toronto ជាមួយនឹងគណៈប្រតិភូឥណ្ឌា ដើម្បីចូលរួមក្នុងសន្និសីទសភាលើកទី៦៥ នៃសមាគមប្រជាជាតិ Commonwealth។ ទន្ទឹងរង់ចាំពិភាក្សានៅឯសន្និសីទ និងពិភាក្សាទ្វេភាគីជាមួយបណ្តាថ្នាក់ដឹកនាំសភាអន្តរជាតិ និងសមាជិកសភាស្តីពីមធ្យោបាយ ក្នុងការពង្រឹងសភាប្រជាធិបតេយ្យ”។ ថ្នាក់ដឹកនាំសភា និងសមាជិកសភានៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិ Commonwealth នឹងកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ ស្តីពីបញ្ហាដែលសភាកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក Birla បានអញ្ជើញដល់ប្រទេសហូឡង់ក្នុងជើងដំបូងនៃដំណើរទស្សនកិច្ចរបស់លោក។ ក្នុងឱកាសនោះ លោកបានចូលចួបសម្តែងការគួរសមលោកសាស្រ្តា ចារ្យបណ្ឌិត Jan Anthonie Bruijn​ ប្រធានព្រឹទ្ធសភាហូឡង់ ដែលមេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសភា និងការពង្រីកចំណងទាក់ទងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងហូឡង់ និងកិច្ចដទៃទៀតជាច្រើនដែលជាផលប្រយោជន៍ទៅវិញទៅមក។ លោក Birla បានថ្លែងថា ប្រទេសឥណ្ឌា និងហូឡង់បានចែករំលែកចំណងទាក់ទងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏រឹងមាំ។ ថ្លែងទៅដល់ការរួមចំណែករបស់ជនជាតិឥណ្ឌារស់នៅក្នុងប្រទេសហូឡង់ លោក Birla បានថ្លែងបន្ថែមថា សហគមន៍ជនជាតិឥណ្ឌារស់នៅក្នុងប្រទេសហូឡង់ កំពុងតែពង្រឹងសេដ្ឋកិច្ច និងសង្គម តាមរយៈការ   លះបង់ខ្ពស់ បទពិសោធ និងវិជ្ជាជីវៈរបស់ពួកគេ។

ដោយកត់សម្គាល់ថា ពួកគេកំពុងតែដើរតួជាស្ពានរវាងប្រទេសដ៏ស្និទ្ធជាប្រវត្តិសាស្រ្តទាំងពីរ លោក Birla បានបង្ហាញនូវក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងថែមទៀតដល់ចំណងទាក់ទងដ៏ជិតស្និទ្ធ និងរាក់ទាក់រវាងប្រទេសឥណ្ឌា និងហូឡង់៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/international/2152515-ls-speaker-om-birla-arrives-in-toronto-for-65th-commonwealth-parliamentary-conference



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`