logo logo
banner1
ប្រជាជនអង់ហ្គោឡា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា និងបោះឆ្នោតប្រធានាធិបតី
 

រូបភាពសភាប្រជាជនអង់ហ្គោឡាឈរតម្រង់ជួរចូលបោះឆ្នោត កាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២

កាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ប្រជាជននៃសាធារណរដ្ឋអង់ហ្គោឡា បានធ្វើដំណើរទៅកាន់ស្ថានីយបោះឆ្នោត ដើម្បីបោះឆ្នោត ប្រធានាធិបតីថ្មីនៃប្រជាជាតិអាហ្វ្រិកខាងត្បូងមួយនេះ ក៏ដូចជា បោះឆ្នោតជ្រើសតាំងសមាជិកសភាផងដែរ។ គណៈកម្មការជាតិរៀបចំការ បោះឆ្នោតអង់ហ្គោឡាបាន បានឱ្យដឹងថា អ្នកបោះឆ្នោតសរុបចំនួន ១៤.៣លាននាក់ បានចុះឈ្មោះ ហើយរំពឹងថានឹងបោះឆ្នោត នៅក្នុងអ្វីដែលគេ ជឿថា ជាការបោះឆ្នោតដ៏ប្រកួតប្រជែងបំផុតមួយ គិតចាប់តាំងពីឆ្នាំ១៩៩២មក។

នៅក្នុងទីប្រជុំជន Luanda រដ្ឋធានីនៃប្រទេសអង់ហ្គោឡា ចរាចរណ៍នៅលើដងផ្លូវមានភាពរលូន នៅថ្ងៃបោះឆ្នោត ក្នុងគ្រាដែលអ្នកបោះឆ្នោតបានតម្រង់ជួរយ៉ាងអត់ធ្មត់ សម្រាប់វេនបោះឆ្នោតរបស់ខ្លួន។ ក្នុងឆ្នាំនេះ មានគណបក្សនយោបាយចំនួន ៧ និងក្រុមចម្រុះមួយ កំពុងប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតដណ្តើមអាសនៈចំនួន ២២០ នៅក្នុងសភា។ ក្នុង ២២០អាសនៈនេះ ១៣០អាសនៈ ជាប់ឆ្នោតតាមបញ្ជី ឈ្មោះរបស់គណបក្ស និង៩០អាសនៈទៀត ជាប់ឆ្នោតដោយផ្អែកតាមបញ្ជីឈ្មោះខេត្ត ដែលក្នុងចំណោម ១៨ខេត្ត ទូទាំងប្រទេស ក្នុង១ខេត្ត​ជាប់ឆ្នោត ៥អាសនៈ។

ប្រធានាធិបតីអង់ហ្គោឡាមិនបោះឆ្នោតដោយផ្ទាល់ទេ អនុលោមតាមរដ្ឋធម្មនុញ្ញអង់ហ្គោឡា បេក្ខជនកំពូលនៃគណបក្សនយោបាយណាមួយ ដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី។ ប្រធានាធិបតីជាប់ឆ្នោត ក្នុងនីតិកាលតែមួយជាមួយសមាជិកសភា​ និងអាចបំពេញការងារបានយ៉ាងច្រើន ២អាណត្តិ។ គណបក្សនីមួយៗតែងតាំងបេក្ខជន​ប្រធានាធិបតីនៅលេខរៀងទី១​ នៃបញ្ជីឈ្មោះ ហើយត្រូវតែបង្ហាញអត្តសញ្ញាណច្បាស់លាស់នៅលើសន្លឹកឆ្នោត។ ប្រធានាធិបតីក្នុងតំណែង បច្ចុប្បន្នលោក Joao Lourenco នៃគណបក្សកាន់អំណាច គឺគណបក្សចលនាប្រជាជនដើម្បីសេរីភាព(MPLA) កំពុងស្វែងរកការកាន់តំណែងសម្រាប់អាណត្តិទី២ នឹងត្រូវប្រឈមនឹងគូប្រជែង គឺលោក  Adal berto Costa Junior មេដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សរួមរួបជាតិដើម្បីឯកភាពទាំងស្រុង អង់ហ្គោឡា(UNITA)។

ក្រៅពីគណបក្សទាំងពីរខាងលើ ក៏មានគណបក្សចំនួន ៦ផ្សេងទៀត ក្នុងប្រទេសអង់ហ្គោឡា ចូលរួមក្នុងការបោះឆ្នោត។ ការបោះឆ្នោតក្នុងឆ្នាំនេះនឹងរួមបញ្ចូលអ្នកបោះឆ្នោតនៅក្រៅប្រទេស ដែលរំពឹងថាមានប្រមាណជា ២២,៥៦០នាក់ បោះឆ្នោតពីក្រៅប្រទេសមក៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ http://www.china.org.cn/world/Off_the_Wire/2022-08/24/content_78387906.htm



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`