គណបក្សប្រឆាំងដាក់សំណើឱ្យសភាបើកការស៊ើបអង្កេតលើភាពមិនប្រក្រតីពាក់ព័ន្ធការិយាល័យប្រធានាធិបតី
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ គណបក្សប្រឆាំងគឺគណបក្សប្រជាធិបតេយ្យ(DP) បានបញ្ជូនសំណើមួយទៅកាន់សភានៃសាធារណរដ្ឋកូរ៉េ ដើម្បីចាប់ផ្តើមបើកការស៊ើប អង្កេតលើការចោទប្រកាន់ពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការសាងសង់និវេសនដ្ឋានថ្មី របស់ប្រធានាធិបតីកូរ៉េខាងត្បូង និងការតែងតាំងបុគ្គលិកនៅក្នុងការិយាល័យប្រធានាធិបតី។
សំណើខាងលើនេះ ចុះហត្ថលេខាដោយសមាជិកសភាក្រុមគណបក្សប្រឆាំងសរុប ១៧៥រូប ក្នុងនោះរួមទាំង សមាជិកសភាទាំង ១៦៩រូប របស់គណបក្សប្រជាធិបតេយ្យ។ ការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងបានរងការចោទប្រកាន់ថា បានផ្តល់លក្ខខណ្ឌពិសេសដល់ក្រុមហ៊ុនមិនស្គាល់អត្តសញ្ញាណ មួយក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ដើម្បីសាងសង់និវេសនដ្ឋានថ្មីរបស់ប្រធានាធិបតី នៅកណ្តាលរដ្ឋធានីសេអ៊ូល។ ក្រុមហ៊ុនមួយនេះ ត្រូវបានគេរាយការណ៍ថាជាអ្នកឧបត្ថម្ភការតាំងពិពណ៌ដែលរៀបចំ ឡើងដោយ Covana Contents ដែលជាក្រុមហ៊ុនមាតិកាវប្បធម៌មួយធ្លាប់ដឹកនាំដោយជំទាវទី១ Kim Keon-hee ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨ បើទោះបីជាការិយាល័យប្រធានាធិបតីបានបដិសេធការចោទប្រកាន់បែបនោះយ៉ាងណាក៏ដោយ។
គណបក្សប្រឆាំងក៏បានស្នើផងដែរ ឱ្យបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបក្ខានុគ្រោះ(ភាពអនុគ្រោះនិយម) ជុំវិញការជ្រើសរើសបុគ្គលិកខ្លះរបស់ការិយាល័យប្រធានាធិបតី។ សភាកូរ៉េខាងត្បូងអាច បើកការស៊ើបអង្កេតលើកិច្ចការរដ្ឋបានលុះត្រាតែមានការអនុម័តគាំទ្រពីសមាជិករបស់ខ្លួន យ៉ាងហោច ណាស់ ១ភាគ៤។ លោក Jin Sung-joon អនុប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យ(DP) បានថ្លែងថា គណបក្សរបស់លោកបានដាក់សំណើក្នុងនាមឆន្ទៈរបស់ប្រជាជន ការិយាល័យប្រធានាធិបតី មិនយកចិត្តទុកដាក់ចំពោះការទាមទាររបស់សាធារណជន ដើម្បីបង្ហាញការពិតនៃការចោទប្រកាន់។
លោក Park Hong-geun ប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យ(DP) បានថ្លែងថាភាពខ្ជីខ្ជារបស់រដ្ឋាភិបាលលោកប្រធានាធិបតី Yoon Suk-yeol កំពុងដឹកនាំប្រទេស និងប្រជាជនកូរ៉េខាងត្បូងឱ្យធ្លាក់ទៅក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220817006800315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម