លោកបណ្ឌិត Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច(ECOWAS)
កាលពីថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ សភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច(ECOWAS) បានធ្វើការថ្កោលទោសដោយប្រើពាក្យពេចន៍ខ្លាំងៗ ទៅលើសកម្មភាពនៃអំពើហិង្សានៅក្នុងសាធារណរដ្ឋសៀរ៉ាឡេអូន ដែលនាំទៅដល់ការស្លាប់បាត់បង់ជីវិត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
លោកបណ្ឌិត Sidie Tunis ប្រធានសភា ECOWAS បានថ្លែងឱ្យដឹងបែបនេះនៅក្នុងទីក្រុង Banju ប្រទេសហ្គំប៊ី នៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការរួមកិច្ចការនយោបាយ សន្តិភាព សន្តិសុខ និងយន្តការត្រួតពិនិត្យមើលឡើងវិញអាហ្រ្វិក(APRM): កិច្ចការនីតិកម្ម និងសិទ្ធិមនុស្ស/កិច្ចការសង្គម យែនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី។ តំណាងដោយលោកស្រី Adja Satu Camara Pinto អនុប្រធានសភាទី៤ លោកបណ្ឌិត Tunis បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ដែលជាមាគ៌ាដ៏ល្អបំផុតសម្រាប់ ដោះស្រាយស្ថានភាពលំបាក។ លោកប្រធានសភារូបនេះ បានកត់សម្គាល់ថា ប្រជាធិបតេយ្យជាច្រើននៅ ទូទាំងសកលលោកកំពុងតែឆ្លងកាត់ស្ថានភាពលំបាកដោយសារតែខ្វះទំនុកចិត្ត និងការទទួលខុសត្រូវ។
មានភាពចាំបាច់ក្នុងការមានឆន្ទៈនយោបាយដើម្បីពង្រឹងស្ថាប័នជាពិសេស នៅក្នុងទ្វីបអាហ្រ្វិក ដើម្បីដោះស្រាយបញ្ហាប្រឈម។ លោក Tunis ក៏បានកោតសរសើរផងដែរដល់ប្រទេសសេណេហ្គាល់ ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាប្រកបដោយសុខសន្តិភាព កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២២។ លោកបានធានាថា សភា ECOWAS នឹងធ្វើការពួតដៃគ្នាជាមួយសភានីតិកាលថ្មី ដើម្បី ផលប្រយោជន៍តំបន់អាហ្រ្វិកខាងលិច។
ជាមួយគ្នានោះផងដែរ លោក Fabakary Tombong Jatta ប្រធានសភាហ្គំប៊ីបានថ្លែងថា មានភាពចាំបាច់សម្រាប់អន្តរាគមន៍បុរេសកម្ម ដើម្បីទប់ស្កាត់អសន្តិសុខនៅក្នុងតំបន់ ក្នុងគ្រាដែលសន្តិភាព និងសន្តិសុខ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍ។ គួរបញ្ជាក់ផងដែរថា ពាក្យស្លោកនៃកិច្ចប្រជុំ ខាងលើដែលធ្វើឡើងរយៈពេល ៥ថ្ងៃ គឺ “សហគមន៍ជាប់ទាក់ទិននឹងសន្តិភាព សន្តិសុខ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ: ការប្រឈមក្នុងការអនុវត្តរបស់ខ្លួន និងការត្រួតពិនិត្យលើតួនាទីរបស់សភា ECOWAS”៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://radionigeria.gov.ng/2022/08/17/ecowas-parliament-condemns-violence-in-sierra-leone/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម