កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់(ISNA)បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានឱ្យដឹងថា កិច្ចពិភាក្សាស្តីពីការស្តារឡើង វិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ត្រូវតែទទួលបានលទ្ធផលក្នុងការដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងវិធីមួយដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់។
លោក Abolfazl Amoui អ្នកនាំពាក្យនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការដែលបានធ្វើឡើង ដើម្បីវាយតម្លៃជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែរ នៅក្នុងរដ្ឋធានីវីយែន។ លោក Amoui បានមានប្រសាសន៍ ថា ទណ្ឌកម្មត្រូវតែដកចេញដែលជាមធ្យោបាយមួយដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនអ៊ីរ៉ង់ និងអាច ឱ្យពាណិជ្ជករ ព្រមទាំងអ្នកជំនួញរបស់ប្រទេសអ៊ីរ៉ង់ធ្វើប្រតិបត្តិការជាមួយប្រទេសដទៃទៀត។ លោកបាន មានប្រសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលអ៊ីរ៉ង់មានកាតព្វកិច្ចបង្ហាញរបាយការណ៍ស្តីពីការដកទណ្ឌកម្មទៅ ស្ថាប័ននីតិប្បញ្ញត្តិដើម្បីពិនិត្យ។ លោក Amoui បានកត់សម្គាល់ថា សភានឹងពិនិត្យមើលលើសេចក្តីព្រាង អត្ថបទដែលកំពុងត្រូវបានពិភាក្សានៅក្នុងកិច្ចពិភាក្សានៅក្នុងរដ្ឋធានីវីយែន។ ថ្មីៗនេះសហភាពអឺរ៉ុបបានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយរង់ ចាំការសម្រេចចិត្តផ្នែកនយោបាយពីអ្នកចូលរួមផ្សេងទៀតនៅក្នុងកិច្ចចរចានៅក្នុងរដ្ឋធានីវីយែន។
ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មមកលើប្រទេសមួយ នេះ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដករដ្ឋធានីវ៉ាស៊ីន តោនចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញលើរដ្ឋធានីតេហេរ៉ង់ ដែលជំរុញ ឱ្យប្រទេសអ៊ីរ៉ង់ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220815/3d036c1f6778494780c14ca7a77edf5c/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម