អ៊ុយក្រែននឹងយកពន្ធប្រេងឥន្ធនៈឡើងវិញ ដើម្បីបំពេញថវិកា ក្នុងពេលធ្វើសង្រ្គាម
រដ្ឋធានីកៀវ៖ កាលពីថ្ងចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ លោក Oleksandr Kubrakov រដ្ឋមន្រ្តី ក្រសួងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែនបានថ្លែងថា រដ្ឋាភិបាលបានស្នើសុំសភាអ៊ុយក្រែនយកពន្ធឡើងវិញដោយអន្លើលើប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីបង្កើនថវិកាជាតិ ដែលធ្លាក់ចុះដោយសារតែធ្វើសង្រ្គាមជាមួយសហព័ន្ធរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ។
លោក Kubrakov បានថ្លែងថា ការយកពន្ធឡើងវិញនូវទឹកប្រាក់ ១០០អឺរ៉ូ(១០១.៩៦ដុល្លារសហរដ្ឋអាម៉េរិក) ក្នុងប្រេង ១០០០លីត្រ អាចផ្តល់ថវិកាជូនរដ្ឋបានប្រមាណ ២-៣ពាន់លាន hryvnias(១៣៥លានដុល្លារសហរដ្ឋអាម៉េរិក) ជារៀងរាល់ខែ។ នៅចំពេលដែលឱនភាពថវិកាជាតិជារៀងរាល់ខែ មានប្រមាណជា ៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ “ក្រសួងហិរញ្ញវត្ថុ កំពុងតែប្រឈមនឹងស្ថានការណ៍មួយ នេះ”។ លោក Kubrakov បានថ្លែងបែបនេះ ក្នុងបទសម្ភាសខ្លីមួយតាមទូរទស្សន៍។ “រាល់ចំណូលបន្ថែម ណាមួយពីពន្ធអាករចូលថវិកាជាតិ ដែលត្រូវបានលុបចោលពីមុនមក គឺមានសារៈសំខាន់ខ្លាំងណាស់”។ ហើយការយកពន្ធឡើងវិញនេះ គួរតែចាប់ផ្តើមធ្វើឡើងនៅក្នុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែនបានលុបចោលការយកពន្ធ ជាទឹកប្រាក់ ២១៣អឺរ៉ូ សម្រាប់ ប្រេងសាំង និង១៤០អឺរ៉ូ សម្រាប់ប្រេងម៉ាស៊ូត ក្នុងខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីរុស្ស៊ីបានចូលឈ្លាន អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងបានកាត់ផ្តាច់ខែ្សច្រវ៉ាក់ភស្តុភា។ ប្រទេសអ៊ុយក្រែនធ្លាប់នាំចូលប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ភាគច្រើន មកពីប្រទេសបេឡារុស និងរុស្ស៊ី។ សភាអ៊ុយក្រែនបានលុបចោលការ យកពន្ធប្រេងឥន្ធនៈ ដើម្បីជួយដល់អាជីវករមានប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីបំពេញទីផ្សារក្នុងស្រុកជាមួយនឹងប្រេងឥន្ធនៈដែលនាំចូលពីអឺរ៉ុប។
លោករដ្ឋមន្រ្តីរូបនេះ បានថ្លែងបន្តថា “ស្ថានការណ៍បានមានស្ថិរភាពនៅក្នុងខែកក្កដា។ យើងមាន ប្រេងឥន្ធនៈគ្រប់គ្រាន់នៅតាមស្ថានីយប្រេង”។ ការយកពន្ធឡើងវិញដោយអន្លើ គួរតែមិនបណ្តាលឱ្យឡើងថ្លៃជាដុំកំភួននៃតម្លៃលក់រាយនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកាន់ តែចុះថោកទៅៗ នៅលើទីផ្សារអន្តរជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/next/2022/08/15/uk-ukraine-crisis-tax-fuel
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម