សភាតំណាងរបស់សហរដ្ឋអាម៉េរិក នឹងបោះឆ្នោតនៅថ្ងៃសុក្រ ទី១២ ឆ្នាំ២០២២ លើសេចក្តីព្រាង ច្បាប់មួយ ដែលមានកញ្ចប់ថវិការហូតដល់៤៣០ពាន់លានដុល្លារអាម៉េរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបញ្ចុះតម្លៃឱសថមួយចំនួន ដែលទិញដោយមានវេជ្ជបញ្ជា។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ ចាត់ទុកសេចក្តីព្រាងច្បាប់នេះ ជាជោគជ័យធំធេងមួយរបស់លោកចូបៃឌិន មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តិទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ មានឈ្មោះថា ”ច្បាប់ស្តីពីការកាត់បន្ថយអតិផរណា(The Inflation Reduction Act)”។
អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ បានថ្លែងថា “ច្បាប់នេះនឹងជួយកាត់បន្ថយឱនភាពរបស់ រដ្ឋាភិបាលសហព័ន្ធ ជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជួយឱ្យកម្មវិធីធានារ៉ាប់រងសុខភាពMedicareអាចចរចាទិញឱសថក្នុងតម្លៃទាបជាងមុន សម្រាប់ជនចាស់ជរា និងជួយធានាក្រុមហ៊ុនសាជីវកម្មនិងក្រុមអ្នកមាន ឱ្យបង់ពន្ធដែលជំពាក់រដ្ឋាភិបាល។” សេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាម៉េរិក បោះឆ្នោតអនុម័តគាំទ្រ កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា បន្ទាប់ពីប្រជុំពិភាក្សាអស់រយៈពេល២៧ម៉ោង។ ពិតណាស់សេចក្តីព្រាងច្បាប់នឹងជោគជ័យ ពីព្រោះសេចក្តីព្រាងច្បាប់នេះ គឺជាសេចក្តីព្រាងច្បាប់របស់គណបក្សប្រជាធិបតេយ្យ ហើយបច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យមានអាសនៈចំនួន២២០អា- សនៈ នៃអាសនៈសរុប៤៣៥ ក្នុងសភាតំណាង។ បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីសភាតំណាង សេចក្តីព្រាងច្បាប់នេះ នឹងបញ្ជូនទៅលោកប្រធានាធិបតីចូបៃឌិន ដើម្បីចុះហត្ថលេខាប្រែក្លាយជាច្បាប់។
តើអ្វីជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ? ការបោះឆ្នោតពាក់កណ្តាលអាណត្តិ គឺសំដៅលើការបោះឆ្នោត ដែលកើតឡើងនៅក្នុងឆ្នាំទី២ នៃអាណត្តិរយៈពេល៤ឆ្នាំ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក។ នៅពេលនោះ នឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងទាំងអស់(សមាជិកសភាតំណាងមានអាណត្តិរយៈពេល២ឆ្នាំ) ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ១ភាគ៣ នៃសមាជិកព្រឹទ្ធសភាទាំងអស់(សមាជិកព្រឹទ្ធសភា មានអាណត្តិរយៈពេល៦ ឆ្នាំ ប៉ុន្តែ រៀងរាល់២ឆ្នាំម្តង ១ភាគ៣នៃសមាជិកព្រឹទ្ធសភាបានដល់អាណត្តិរបស់ខ្លួន ដែលត្រូវបោះឆ្នោតជ្រើសរើសសាជាថ្មី) និងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋប្រហែលជិតពាក់កណ្តាលនៃរដ្ឋទាំងអស់ក្នុងសហរដ្ឋអាមេរិក។ ដូច្នេះលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ អាចនឹងនាំឱ្យមានការប្រែប្រួលកម្លាំងនយោបាយ និងឥទ្ធិពលរបស់គណបក្សនយោបាយនៅក្នុងសភាតំណាង ព្រឹទ្ធសភា និងនៅតាមរដ្ឋ…៕
http://ព័ត៌មានសភាអន្តរជាតិ ១៣-០៨-២២- មាស តូនី ប្រែសម្រួលពី៖ (1) https://www.usnews.com/news/top-news/articles/2022-08-12/u-s-house-set-to-give-biden-new-win-with-430- billion-bill-on-climate-drug-prices?context=amp (2)https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=&cad=rja&uact=8&ved=2ahUKEwjI5KGGu8H5AhXn-DgGHSbwBZMQFnoECCEQAQ&url=https%3A%2F%2Fwww.rd.com%2Farticle%2Fwhat-are-midterm-elections%2F&usg=AOvVaw33VYCdjxPOxCpIIDSm3Y1S
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម