logo logo
banner1
បព្វជិតស៊ីអ៊ីតអ៊ីរ៉ាក់ ជំរុញឱ្យតុលាការរំលាយសភា
 

លោក Moqtada al-Sadr បព្វជិតនិកាយស៊ីអ៊ីតដ៏មាន ឥទ្ធិពលមួយរូបនៅក្នុងប្រទេសអ៊ីរ៉ាក់

 កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ លោក Moqtada al-Sadr បព្វជិតនិកាយស៊ីអ៊ីតដ៏មាន ឥទ្ធិពលមួយរូប បានអំពាវនាវឱ្យស្ថាប័នតុលាការរបស់សាធារណរដ្ឋអ៊ីរ៉ាក់រំលាយសភានៅចុងសប្តាហ៍ក្រោយ ដោយសារការផុតរយៈពេលដែលបានកំណត់ក្នុងដ្ឋធម្មនុញ្ញសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី។

លោក Al-Sadr បានមានប្រសាសន៍ថា សភាមិនចាំបាច់កោះប្រជុំដើម្បីរំលាយខ្លួនឯងទេ ពីព្រោះប្លុក សភាមួយចំនួនដែលប្រកាន់ខ្ជាប់នូវប្រព័ន្ធកូតា នៅតែបន្តប្រព្រឹត្តអំពើពុករលួយ និងបដិសេធមិនព្រមឱន ក្បាល តាមការទាមទាររបស់ប្រជាជនក្នុងការរំលាយសភា។ លោក Al-Sadr មានប្រសាសន៍បន្តទៀតថា លោកនៅតែមានជំនឿលើប្រព័ន្ធតុលាការអ៊ីរ៉ាក់ក្នុងការរំលាយសភា និងមានទំនុកចិត្តថា “ចៅក្រមជាច្រើន នឹងស្ថិតនៅខាងប្រជាជន។ ចៅក្រមទាំងនោះនឹងយល់ព្រមធ្វើកំណែទម្រង់នេះ”។ លោក​ក៏​បាន​អំពាវនាវ​ឱ្យលោក​ប្រធានាធិបតី​អ៊ីរ៉ាក់​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​មុន​កាលកំណត់។ លោក Al-Sadr បានបញ្ជាក់បន្ថែមទៀតថា “អ្នកបដិវត្តន៍(អ្នកតវ៉ា)នឹងមានជំហរមួយផ្សេងទៀត ប្រសិនបើពួកគេ(ប្លុកនយោបាយ)ធ្វើឱ្យប្រជាជនខកចិត្តម្តងទៀត”។ កាលពីថ្ងៃទី០៣ ខែសីហា លោក al-Sadr បានអំពាវនាវ ឱ្យរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ ដោយជំរុញឱ្យអ្នកដើរតាមលោកបន្តការអង្គុយនៅក្នុងសភា ដើម្បីធ្វើកំណែទម្រង់ដំណើរការនយោបាយនៅក្នុងប្រទេស។ កាលពីថ្ងៃទី៣០ ខែកក្កដា អ្នកដើរតាមលោក al- Sadr រាប់រយនាក់បានចាប់ផ្តើមចូលលុកលុយទៅក្នុងផ្នែកនៃអគារសភានៅខាងក្នុង តំបន់ Green Zone ក្នុងរដ្ឋធានីបាកដាដ។ ដោយ​ចោទ​រដ្ឋាភិបាល​ថា ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​ដោយសារ ​អំពើ​ពុករលួយ និង​អភិបាលកិច្ច​មិន​ល្អ​តាំង​ពី​ឆ្នាំ២០០៣។

ក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ជម្លោះបានបន្តក្នុងចំណោមភាគីនិកាយស៊ីអ៊ីតដែលបានរារាំង ដល់ការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី ដែលធ្វើឱ្យប្រទេសមួយនេះមិនអាចជ្រើសរើសប្រធានាធិបតីថ្មីដោយសំឡេងភាគច្រើន២/៣នៃសភាដែលមានអាសនៈចំនួន ៣២៩អាសនៈ ស្របតាមរដ្ឋធម្មនុញ្ញ។ ប្រសិនបើ ជាប់ឆ្នោត លោកប្រធានាធិបតីនឹងតែងតាំងនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយសម្ព័ន្ធភាពដ៏ធំបំផុត នៅក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីដែលនឹងគ្រប់គ្រងប្រទេសសម្រាប់រយៈពេល៤ឆ្នាំខាងមុខ ៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`