
លោក Vuong Dinh Hue ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមថ្លែងក្នុងអង្គប្រជុំ
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកវេទិកានៃកិច្ចប្រជុំសួរដេញដោល ដែលជាផ្នែកនៃកិច្ចប្រជុំលើកទី១៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៥ ដែលមានសំណួរជាច្រើនលើកឡើងពាក់ព័ន្ធនឹងបញ្ហាក្រោមការដឹកនាំរបស់ក្រសួងសន្តិសុខសាធារណៈ។
កិច្ចប្រជុំដែលត្រូវបានផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍រដ្ឋវៀតណាមនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងថា ផ្អែកលើសំណើរបស់គណៈប្រតិភូរដ្ឋសភាវៀតណាម ៥៨ រូប គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានជ្រើសរើសក្រុមការងារ ២ ក្រុម ដើម្បីឆ្លើយបំភ្លឺក្នុងវេទិកាសួរដេញដោលនេះ ដែលក្រុមការងារទាំងនេះ ស្ថិតក្រោមយុត្តាធិការរបស់ក្រសួងសន្តិសុខសាធារណៈ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
ក្នុងវិស័យសន្តិសុខសាធារណៈ មានសំណួរជាច្រើនបានលើកឡើង ផ្តោតលើការគ្រប់គ្រងសន្តិសុខ ប្រព័ន្ធអ៊ិនធើណិតរបស់រដ្ឋ, សុវត្ថិភាពប្រព័ន្ធសន្តិសុខអ៊ិនធើណិតរបស់ជាតិ ក្នុងពេលបច្ចុប្បន្ន និងវិធានការទប់ស្កាត់ និងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ដោយភាពម៉ឺងមាត់។
ការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភា និងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម ដែលពាក់ព័ន្ធនឹងការទប់ស្កាត់ និងគ្រប់គ្រងឧក្រិដ្ឋកម្ម ជាពិសេស ឧក្រិដ្ឋកម្មពាក់ព័ន្ធគ្រឿងញៀន, គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់កម្ចីការប្រាក់ខ្ពស់ និងការរកទទួលទានចងការប្រាក់ រួមជាមួយការអនុវត្តការចេញអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ, ការចេញ និងប្រើប្រាស់លិខិតឆ្លងដែនធម្មតាប្រភេទថ្មី និងការកសាងទិន្នន័យជាតិស្តីពី ប្រជាជនក៏បានដាក់បញ្ចូលផងដែរ ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ។
ក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍ មានសំណួរជាច្រើនបានលើកឡើង ផ្តោតលើការអនុវត្តគោលនយោបាយ និងច្បាប់ សំដៅធ្វើឱ្យទេសចរណ៍នាំមុខក្នុងវិស័យសេដ្ឋកិច្ច, ភារកិច្ច និងដំណោះស្រាយដើម្បីជំរុញការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ រួមទាំង គោលនយោបាយគាំទ្រផ្នែកធុរកិច្ច និងកម្មករ-និយោជិតក្នុងឧស្សាហកម្មទេសចរណ៍។
ប្រធានរដ្ឋសភាវៀតណាមរូបនេះ បានថ្លែងទៀតថា មានសំណួរជាច្រើន បានលើកឡើងអំពីបញ្ហានានាពាក់ព័ន្ធនឹងគោលនយោបាយលើកទឹកចិត្ត ការចូលរួមរបស់សង្គមក្នុងការអភិវឌ្ឍវិស័យ, ការគ្រប់គ្រង, ការអភិរក្ស, ភាពច្នៃប្រឌិត និងការផ្សព្វផ្សាយអំពី តម្លៃវត្ថុបុរាណប្រវត្តិសាស្ត្រ, ដំណោះស្រាយដើម្បីទប់ស្កាត់ការធ្លាក់ចុះសីលធម៌សង្គម និងសីលធម៌ឥរិយាបថ, និងការកសាងរបៀបរស់នៅតាមទំនៀមទំលាប់។
មុនពេលបិទបញ្ចប់កិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម បានចេញសេចក្តីសម្រេចមួយស្តីពី លទ្ធផលនៃកិច្ចប្រជុំ ដែលជាគោលការណ៍សម្រាប់អនុវត្ត និងគ្រប់គ្រងសកម្មភាពពាក់ព័ន្ធនានា៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/nas-qa-session-starts-with-questions-on-public-security-matters/235288.vnp