លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមកំពុងដឹកនាំកិច្ចប្រជុំ
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងនៅឯកិច្ចប្រជុំជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាន(MoNRE) ដែលធ្វើឡើងនៅក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ថា សេចក្តីព្រាងច្បាប់ស្តីពីដីធ្លី(ពិនិត្យសើរើឡើងវិញ)នឹងដាក់ជូន រដ្ឋសភាពិភាក្សា ជាលើកដំបូង ដោយរដ្ឋសភានីតិកាលទី១៥ ក្នុងអំឡុងពេលនៃសម័យប្រជុំលើកទី៤ ហើយថា វិសោធនកម្មច្បាប់នេះនឹងចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខ។
លោក Hue បានស្នើដល់រដ្ឋាភិបាលត្រូវបញ្ជូននូវឯកសារនៃសេចក្តីព្រាងច្បាប់មកកាន់គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ឱ្យមុនថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីស្វែងរកមតិកែលម្អ(feedback) ពីសមាជិករដ្ឋសភា។ ក្រសួង MoNRE គួរតែខិតខំប្រឹងប្រែងបំពេញការខ្លាំងជាងមុន ដើម្បីកសាងរបាយការណ៍ស្តីពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម បរិស្ថាន ក៏ដូចជា ផលប៉ះពាល់លើការការពារជាតិ និងសន្តិសុខជាតិ និងបរិយាកាសធុរកិច្ចក្នុងស្រុក។
លោក Hue បានសង្កត់ធ្ងន់ថា ក្រៅពីច្បាប់ខាងលើនេះ ច្បាប់ពាក់ព័ន្ធនានាក៏ចាំបាច់ត្រូវកែសម្រួល ផងដែរ ហើយគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួង MoNRE គួរតែដើរតួនាទីដ៏សំខាន់ របស់ខ្លួនដើម្បីជួយដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរដ្ឋាភិបាលដើម្បីប្រមែប្រមូលការរួមចំណែករបស់ប្រជាជន និងអ្នកវិទ្យាសាស្រ្ត ដាក់ចូលក្នុងសេចក្តីព្រាងច្បាប់។ សង្កត់ធ្ងន់ពីសារៈសំខាន់នៃការងារប្រាស្រ័យទាក់ទង ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិរូបនេះ បានចាត់ឱ្យគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចសម្របសម្រួលជាមួយអគ្គលេខាធិការរដ្ឋសភា ដើម្បីធ្វើផែនការលម្អិតពាក់ព័ន្ធនឹងកិច្ចការនេះ។
លោក Tran Hong Ha រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមបានថ្លែងថា ទស្សនៈដែលទទួលបានពីក្រុមការងារនឹងត្រូវបានប្រើប្រាស់ក្នុងការធ្វើវិសោធនកម្មច្បាប់ដីធ្លី។ លោក Tran បានថ្លែងបន្ថែមថា ក្រសួងក៏បានពិនិត្យមើលឡើងវិញផងដែរលើច្បាប់ពាក់ព័ន្ធនឹងដីធ្លីជាង ១០០ច្បាប់ ក្នុងអំឡុងពេលនៃការកសាងច្បាប់ថ្មីនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ១០-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/amendments-to-draft-revised-land-law-expected-to-be-done-in-2023-na-chairman/235183.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម