លោក Choe Ryong-hae ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភា SPA នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK)
ប្រព័ន្ធផ្សព្វផ្សាយជាតិរបស់កូរ៉េខាងជើងបានថ្លែងកាលពីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK)នឹងបើកសម័យប្រជុំសភាដ៏សំខាន់មួយ នៅក្នុង រដ្ឋធានីព្យុងយ៉ាង នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដើម្បីពិភាក្សាពីការងារចាត់តាំង និងកិច្ចការរង់ចាំការអនុម័តដទៃទៀត។ គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនកំពូល(SPA) ដែលជាសភាប្រថាប់ត្រារបស់កូរ៉េខាងជើង បានបើកកិច្ចប្រជុំកាលពីថ្ងៃអាទិត្យសប្តាហ៍មុន និងបានសម្រេចបើកសម័យប្រជុំលើកទី៧ នៃសភានីតិកាលទី១៤ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េ(KCNA) ដែលជាសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានថ្លែងឱ្យដឹង។
សម័យប្រជុំនាពេលខាងមុខ គ្រោងនឹងពិភាក្សាលើកិច្ចការ “អនុម័តច្បាប់ស្តីពីការអភិវឌ្ឍជនបទ និងការងារស្ថាប័ន”។ នេះបើតាមទីភា្នក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានធ្វើសេចក្តីរាយការណ៍ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA។ SPA គឺជាអង្គការអំណាចខ្ពស់បំផុត ក្រោមច្បាប់ រដ្ឋធម្មនុញ្ញកូរ៉េខាងជើង ប៉ុន្តែសភានេះធ្វើសេចក្តីសម្រេចប្រថាប់ត្រាតាមគណបក្សកាន់អំណាច។ ជាទូទៅសភា SPA បើកសម័យប្រជុំពេញអង្គ នៅក្នុងខែមីនា ឬខែមេសា ដើម្បីដោះស្រាយជាសំខាន់លើកិច្ចការ ថវិកា និងការរុះរើគណៈរដ្ឋមន្រ្តី។ កាលពីឆ្នាំ២០២១ កូរ៉េខាងជើងបានបើកសម័យប្រជុំសភា SPA នៅ ក្នុងខែមករា និងខែកញ្ញា។
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីថ្ងៃអាទិត្យ ធ្វើឡើងក្រោមអធិបតីភាពលោក Choe Ryong-hae ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ដោយគ្មានវត្តមានរបស់លោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង។ អ្នកមានវត្តមានក្នុងកិច្ចប្រជុំបានសម្រេចកោះប្រជុំសភា ដោយការអនុម័តជាឯកច្ឆន្ទ និងបាន ពិភាក្សាលើកិច្ចការដទៃទៀត រួមទាំង ការអនុម័តច្បាប់ស្តីពីឱសថ និងការពនិត្យមើលឡើងវិញលើច្បាប់ ស្តីពីការអភិវឌ្ឍយានអវកាស។ កូរ៉េខាងជើងក៏នឹងបើកកិច្ចប្រជុំថ្នាក់ជាតិ នៅសប្តាហ៍ក្រោយផងដែរ ដើម្បីពិនិត្យមើលឡើងវិញលើវិធានការបន្ទាន់ប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ-១៩។
កិច្ចប្រជុំថ្នាក់ជាតិ រំពឹងថានឹងធ្វើឡើងនៅមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះទាក់ទាញចំណាប់អារម្មណ៍ថាតើ កូរ៉េខាងជើងនឹងប្រកាសបិទបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ឬក៏ដាក់ចេញនូវការកែប្រែបទប្បញ្ញត្តិប្រឆាំងវីរូស ក្នុងគ្រាដែលករណីសង្ស័យជំងឺកូវីដ-១៩ ថ្មី នៅតែស្ថិតក្នុងកម្រិតសូន្យករណី ចាប់តាំងពីថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០២២មក៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.daijiworld.com/news/newsDisplay?newsID=987321
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម