លោកស្រីKamala Harris ប្រធានព្រឹទ្ធសភា និងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក
សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យសហរដ្ឋអាម៉េរិក បានអនុម័តសេចក្តីព្រាងច្បាប់ដ៏ធំមួយ ពាក់ព័ន្ធនឹងការចំណាយរហូតដល់៤៣០ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ បញ្ចុះតម្លៃឱសថ និងបង្កើនពន្ធលើប្រាក់ចំណេញ(corporate taxes)មួយចំនួនរបស់សហគ្រាស។ ការអនុម័តនេះត្រូវបានគេចាត់ទុកថា ជាជោគជ័យដ៏ធំមួយសម្រាប់លោកប្រធានាធិបតីJoe Biden។
កញ្ចប់នីតិកម្មដែលមានឈ្មោះថា ច្បាប់កាត់បន្ថយអតិផរណា(The Inflation Reduction Act) នេះ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័ត កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ ដោយសំឡេង ៥១គាំទ្រ ៥០ប្រឆាំង។ លោកChuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធសភាសំឡេងភាគច្រើន បាន ថ្លែងថា៖ “ព្រឹទ្ធសភាកំពុងបង្កើតប្រវត្តិសាស្រ្ត។ ចំពោះប្រជាពលរដ្ឋអាមេរិកដែលតែងតែគ្មានសង្ឃឹមថា សភា អាចធ្វើការសំខាន់ដើម្បីជួយដល់ខ្លួន ច្បាប់មួយនេះនឹងផ្តល់ឱ្យពួកគេវិញនូវសេចក្តីសង្ឃឹមមួយនេះ។” លោក Schumer បានឱ្យដឹងបន្តទៀតថាច្បាប់នេះ បានបង្ហាញនូវសេចក្តីក្លាហាននៃការហ៊ានបង្កើត កញ្ចប់ថវិកា ដើម្បីអភិវឌ្ឍប្រភពថាមពលស្អាតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុដោយក្នុងពេលដំណាលគ្នាបានជួយកាត់បន្ថយតម្លៃប្រើប្រាស់ប្រភពថាមពល និងតម្លៃឱសថមួយចំនួនទៀត។
សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅឱ្យសភាតំណាងសហរដ្ឋអាម៉េរិក បោះឆ្នោតអនុម័តប្រហែល ជានៅថ្ងៃសុក្រ ទី១២ ខែសីហា នៅពេលសមាជិកតំណាងគ្រោងនឹងជួបប្រជុំគ្នាមួយរយៈខ្លី ក្នុងអំឡុងពេលនៃវិស្សមកាលរដូវក្តៅ។ មានការរំពឹងថា សមាជិកសភាតំណាងនឹងអនុម័តយល់ស្របលើសេចក្តីព្រាងច្បាប់នេះ។ ប្រសិនបើសេចក្តីព្រាងច្បាប់ត្រូវបានសភាតំណាងអនុម័ត នោះសេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅឱ្យសេតវិមានដើម្បីឱ្យលោកប្រធានាធិបតីBiden ចុះហត្ថលេខាក្លាយជាច្បាប់។ លោកប្រ ធានាធិបតីBiden ធ្លាប់ថ្លែងថា លោកកំពុងទន្ទឹងរង់ចាំចុះហត្ថលេខាប្រែក្លាយសេចក្តីព្រាងច្បាប់នេះឱ្យ ទៅជាច្បាប់។ អ្នកនយោបាយគណបក្សប្រជាធិបតេយ្យសង្ឃឹមថា ជោគជ័យនៃសេចក្តីព្រាងច្បាប់នេះនឹងជួយដល់ការបង្កើនជោគជ័យរបស់បេក្ខជនរបស់គណបក្សនេះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាង និងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ…៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៨-២២- មាស តូនី ប្រែសម្រួលពី៖ https://www.aljazeera.com/news/2022/8/7/senate-democrats-approve-big-biden-deal-house-to-vote-next
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម