logo logo
banner1
សភាចក្រភពអង់គ្លេស បិទគណនី Tik Tok ក្រោយពីសមាជិកសភាលើកឡើងពីការព្រួយបារម្ភខ្លាចទិន្នន័យ ត្រូវបានបញ្ជូនកាន់ទីក្រុងប៉េកាំង
 

រូបភាពកម្មវិធីបង្ហោះវីដេអូខ្លីៗដ៏ពេញនិយមសម្រាប់យុវវ័យ ឈ្មោះ Tik Tok របស់ក្រុមហ៊ុនចិន ByteDance

គណនី Tik Tok របស់សភាចក្រភពអង់គ្លេស ត្រូវបានបិទ ក្រោយពីសមាជិកសភាបានលើកឡើង ពីក្តីព្រួយបារម្ភអំពីទំនាក់ទំនងរបស់ក្រុមហ៊ុនបណ្តាញសង្គមចិនមួយនេះ។ ការប្រើប្រាស់កម្មវិធីដ៏ពេញ និយមរបស់ក្រុមហ៊ុនមេ ដែលមានចិនជាម្ចាស់កម្មសិទ្ធិ គឺជាការប៉ុនប៉ងមួយធ្វើឡើងដើម្បីអូសទាញយុវជនវ័យក្មេងឱ្យចាប់អារម្មណ៍នឹងការងារសភា។ ក៏ប៉ុន្តែចំណងទាក់ទងរវាងសភា Westminster និងទីក្រុងប៉េកាំងមានតានតឹងយ៉ាងធ្ងន់ធ្ងរ  ក្រោយពីសមាជិកសភាចំនួន ៧រូប ត្រូវបានរដ្ឋាភិបាលចិនដាក់ទណ្ឌកម្ម។

អ្នកនាំពាក្យសភាចក្រភពអង់គ្លេសបានថ្លែងថា “ដោយផ្អែកលើព័ត៌មានផ្តល់មកវិញ(feedback) របស់សមាជិកសភា យើងកំពុងតែបិទការធ្វើតេស្តសាកល្បងគណនី Tik Tok របស់សភាលឿនជាងផែនការ គ្រោងទុក”។ គណនី Tik Tok គឺជាគម្រោងផ្តួចផ្តើមសាកល្បង ដែលយើងធ្វើតេស្តកម្មវិធីនេះ ធ្វើជាមធ្យោ បាយមួយ ដើម្បីបានទៅដល់យុវជនវ័យក្មេងដែលជាអ្នកទស្សនា ដោយមានមាតិកាពាក់ព័ន្ធនឹងសភា។ ពេលនេះគណនីមួយនេះត្រូវបានបិទ ហើយមាតិកាទាំងអស់នៅក្នុងនោះ ក៏ត្រូវបានលុបចោលអស់ហើយដែរ។ អ្នកតាមដានគណនីមួយនេះនឹងបានចួបនូវព័ត៌មានបច្ចុប្បន្នភាពថា “គណនីមួយនេះ ត្រូវបានបិទ សូមស្វែងរកយើងនៅតាមគេហទំព័រ www.parliament.uk”។ ក្រុមហ៊ុនមេ របស់កម្មវិធី Tik Tok គឺ Byte Dance មានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយសមាជិកសភារបស់យើងបានលើកឡើងពីក្តីព្រួយបារម្ភ ថាទិន្នន័យរបស់អ្នកប្រើប្រាស់ កំពុងត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង។

នៅក្នុងលិខិតផ្ញើជូនប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា សមាជិកសភាមួយក្រុម ដែលរងទណ្ឌ កម្មពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយសារតែបានលើកឡើងពីការរំលោភសិទ្ធិមនុស្សនោះ បានត្អូញត្អែរអំពីគណនី Tik Tok។ ទស្សនវិស័យរបស់រដ្ឋាភិបាលលោក Xi Jinping ក្នុងការទទួលបានទិន្នន័យឯកជននៅលើទូរស័ព្ទរបស់ក្មេងៗយើង គួរតែជាមូលហេតុនៃក្តីបារម្ភដ៏ចម្បងរបស់យើង។

លោក Iain Duncan Smith អតីតមេដឹកនាំគណបក្សអភិរក្ស និងជាសមាជិកសភាចក្រភពអង់គ្លេសបានស្វាគមន៍ការសម្រេចចិត្តដើម្បីបិទគណនី Tik Tok ដែលធ្វើឡើងតាមសម្ពាធរបស់សម្ព័ន្ធភាពអន្តរ-សភាស្តីចិន។ “យើងពេញចិត្តដែលសភាបានយល់ភ្លាមៗពីអ្វីដែលយើងបានប្រាប់ពីបញ្ហា និងបានបិទគណនីនេះចោល”។ “វាពិតជាសំខាន់សម្រាប់អ្នកដទៃទៀតសម្លឹងមើលបញ្ហានេះ ហើយយើងចាំបាច់ត្រូវតែចាប់ផ្តើមនិយាយទៅកាន់ប្រជាជនរបស់យើងថា  កុំប្រើប្រាស់កម្មវិធី Tik Tok មួយនេះឱ្យសោះ”៕

http://ព័ត៌មានសភាអន្តរជាតិ ០៤-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thejournal.ie/westminster-parliament-uk-tiktok-account-closed-5832043-Aug2022/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`