logo logo
banner1
ប្រធានសភាលីបង់ថ្លែងថានឹងគ្មានការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ឡើយ ប្រសិនបើគ្មានច្បាប់ តាមការចង់បានរបស់មូលនិរូបិយវត្ថុអន្តរជាតិ
 

ប្រធានសភាលីបង់ថ្លែងថានឹងគ្មានការបោះឆ្នោតប្រធានាធិបតីឡើយ បើគ្មានច្បាប់ តាមការចង់បានរបស់ IMF

លោក Nabih Berri ប្រធានសភានៃសាធារណរដ្ឋលីបង់ បានថ្លែងថា លោកនឹងមិនស្នើឱ្យមានសម័យប្រជុំដើម្បីបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី នោះឡើយ រហូតទាល់តែស្ថាប័ននីតិប្បញ្ញត្តិអនុម័តកំណែ ទម្រង់ដែលជាបុរេល័ក្ខខ័ណ្ឌមួយ ដើម្បីទទួលបានថវិកាសង្រ្គោះពីមូលនិធិរូបិយវត្ថុ អន្តរជាតិ(IMF)។ កិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)គឺត្រូវបានគេមើលឃើញថា គឺជាមធ្យោបាយតែមួយគត់ដើម្បីឱ្យលីបង់ ងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដែលបានទាញទម្លាក់ប្រទេសមួយនេះ ឱ្យធ្លាក់ទៅក្នុងវិបត្តិអស្ថិរភាពបំផុត  គិតចាប់តាំងពីសង្រ្គាមស៊ីវិល ឆ្នាំ១៩៧៥-១៩៩០មក។​

អាណត្តិ ៦ឆ្នាំ របស់លោក Michel Aoun ប្រធានាធិបតីលីបង់ ត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនយោបាយកំពូលៗបានសម្តែង ការព្រួយបារម្ភថាមិនអាចរកអ្នកស្នងតំណែងបាន និងបានព្រមានពីការជាប់គាំងស្ថាប័នកាន់តែធ្ងន់ធ្ងរថែមទៀត ដែលធ្វើឱ្យរដ្ឋាភិបាលលីបង់មិនអាចបំពេញមុខងារ របស់ខ្លួនបានពេញលេញចាប់តាំងពីខែឧសភា ឆ្នាំ២០២២មក។ “ខ្ញុំនឹងមិនស្នើឱ្យមានសម័យប្រជុំសភា ដើម្បីបោះឆ្នោតប្រធានាធិបតីឡើយ រហូតទាល់តែកំណែទម្រង់ច្បាប់តាមការទាមទាររបស់ IMF ត្រូវបាន អនុ​ម័ត”។ លោក Berri​ បានថ្លែងបែបនេះ ក្នុងអំឡុងពេលនៃជំនួបមួយជាមួយអ្នកសារព័ត៌មាននៅឯ   និវេសនដ្ឋានរបស់លោកនៅក្នុងទីក្រុងបេរូត ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Reuter។

លោក Berri ថ្លែងថា សភាគួរតែធ្វើការអនុម័តកំណែទម្រង់ច្បាប់ នៅក្នុងខែសីហា ដោយតម្រូវតាមការទាមទារជាបន្ទាន់របស់ IMF។ លោក​ប្រធានសភាលីបង់ដែលបានកាន់តំណែងមួយនេះ ជិត៣ទសវត្សរ៍ បានថ្លែងថា “អព្ភូតហេតុ”នឹងកើតមានដើម្បីបង្កើតបានរដ្ឋាភិបាលមួយក្នុងពេលណាមួយឆាប់ៗនេះ ប៉ុន្តែ លោកមិនបានអត្ថាធិប្បាយលម្អិតនោះទេ។ ក្រោមរដ្ឋធម្មនុញ្ញលីបង់ ប្រធានាធិបតីចេញក្រឹត្យតែងតាំង នាយករដ្ឋមន្រ្តីថ្មី ១រូប ផ្អែកតាមការពិគ្រោះយោបល់ជាមួយសមាជិកសភា ហើយត្រូវតែមានការចុះហត្ថលេខារួម  លើការបង្កើតគណៈរដ្ឋមន្រ្តីថ្មីណាមួយ។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២២ ប្រទេសលីបង់សម្រេចបានកិច្ចព្រមព្រៀងកម្រិតបុគ្គលិកមួយជាមួយ IMF ដើម្បីទទួលបានថវិកាសង្រ្គោះ ៣ពាន់លានដុល្លារ ប៉ុន្តែកិច្ចព្រមព្រៀងពេញលេញ គឺក្រោមល័ក្ខខ័ណ្ឌថា ត្រូវអនុម័តសេចក្តីព្រាងច្បាប់ចាំបាច់នានា រួមទាំង ការត្រួតពិនិត្យមូលធន ការតាក់តែងច្បាប់ធនាគារឡើងវិញ និងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២២ផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ០១-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/2022/07/31/us-lebanon-crisis-presidency



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`