លោកGerald E. Connonlly សមាជិកសភាតំណាងសហរដ្ឋអាមេរិក និងជាប្រធានសន្និបាតសភា អង្គការណាតូ បានចេញនូវសេចក្តីថ្លែងការណ៍មួយដូចខាងក្រោម ដើម្បីជាប្រតិកម្មចំពោះការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញ(ថ្មី)របស់សាធារណរដ្ឋទុយនេស៊ី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៖ “កាលពីឆ្នាំមុន លោកប្រធានាធិបតីKaïs Saïedនៃប្រទេសទុយនេស៊ី បានផ្អាកការងាររបស់ស្ថាប័ន សភា ហើយបន្ទាប់មកទៀតបានរំលាយស្ថាប័នសភាចោល។ ចាប់តាំងពីនោះមក សន្និបាតសភាអង្គការណាតូ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍក្នុងប្រទេសមួយនេះ។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើប្រជាមតិថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងថា រដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសទុយនេស៊ី នឹងនាំមកនូវការធ្លាក់ចុះថែមទៀតនៃលទ្ធិប្រជាធិបតេយ្យ ដែលកំពុងធ្លាក់ចុះស្រាប់ទៅហើយនៅក្នុងប្រទេសនេះ ដោយសារស្នាដៃរបស់លោកប្រធានាធិបតី Saïed។ លោកប្រធានាធិបតី Saïed កំពុងស្ថិតនៅលើផ្លូវ នៃការធ្លាក់ចុះបន្ថែមទៀតនូវប្រសិទ្ធភាពនៃស្ថាប័នប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស សេរីភាពសំខាន់ៗ និងលទ្ធិប្រជាធិបតេយ្យ ដែលប្រជាជនទុយនេស៊ីខិតខំកសាងតាំងពីឆ្នាំ២០១១។
ក្នុងឆ្នាំ២០១៨ បានខ្ញុំធ្វើដំណើរទៅប្រទេសទុយនេស៊ី ជាមួយគណៈប្រតិភូនៃក្រុមភាពជាដៃគូ លទ្ធិប្រជាធិបតេយ្យ ដែលជាគណៈកម្មការទ្វេគណបក្សនយោបាយនៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។ គណៈកម្មាធិការនេះ មានតួនាទីធ្វើការងារដោយផ្ទាល់ជាមួយសភាជុំវិញពិភពលោក ដើម្បីជួយគាំទ្រការអភិវឌ្ឍស្ថានប័ននីតិប្បញ្ញត្តិឱ្យមានលក្ខណៈឆ្លើយតបខ្ពស់។ នៅពេលនោះ ខ្ញុំនឹកឃើញនូវសុទិដ្ឋិនិយមដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋទុយនេស៊ី ចំពោះតម្លៃនិងដំណើរនៃលទ្ធិប្រជាធិបតយេ្យ ដែលធ្លាប់មាននាពេលកន្លងមក។ ការរំលាយសភា ការព្រាងរដ្ឋធម្មនុញ្ញថ្មី និងធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី គឺសុទ្ធតែធ្វើឡើងដោយខ្វះតម្លាភាព ខ្វះការចូលរួមទូលំទូលាយ និងខ្វះការពិភាក្សាជាសាធារណៈ។ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ក្នុងប្រទេសទុយនេស៊ី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេ ចំពោះសកម្មភាពខាងលើ។ មិនដល់មួយភាគបីឡើយនៃអ្នកមានសិទ្ធិបោះឆ្នោត ដែលបាននាំគ្នាទៅបោះឆ្នោតធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី កាលពីថ្ងៃទី ២៥ ខែកក្កដា។ លោកប្រធានាធិបតី Saïed ត្រូវតែកែតម្រូវឡើងវិញនូវបុព្វហេតុនៃសកម្មភាពខ្លួន កែតម្រូវដើម្បី បំពេញបំណងប្រាថ្នារបស់ប្រជាជនទុយនេស៊ីដែលចង់បានលទ្ធិប្រជាធិបតេយ្យ ជាជាងកាច់ចង្កូតប្រទេស ឱ្យធ្លាក់ក្នុងវិថីខ្មៅងងឹតនៃអត្តាធិបតេយ្យ។ ប្រសិនបើមិនដូច្នេះទេ ប្រទេសទុយនេស៊ីនឹងជួបការលំបាកខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមនានា លំបាកខ្លាំងក្នុងការបំពេញបំណងប្រាថ្នារបស់ប្រជាជនទុយនេស៊ី និងលំបាកខ្លាំងក្នុងការធានាឱ្យមានសិទ្ធិជាមូលដ្ឋានចំពោះប្រជាជនទុយនេស៊ីគ្រប់រូប។
សភាដែលមានប្រសិទ្ធភាពនិងធម្មានុរូប គឺជាធាតុដ៏សំខាន់មួយក្នុងការកសាងបានឡើងវិញ នូវគោលការណ៍នៃការត្រួតពិនិត្យ និងការធ្វើឱ្យមានតុល្យភាពអំណាច(Checks and Balances) ដែលជាគោលការណ៍ដ៏សំខាន់ចាំបាច់ របស់លទ្ធិប្រជាធិបតេយ្យ។ សន្និបាតសភាអង្គការណាតូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះជំហានបន្តបន្ទាប់ទៀត ដែលអនុវត្តដោយរដ្ឋាភិបាលទុយនេស៊ី ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា ក្នុងខែធ្នូ ឆ្នាំ២០២២។ សន្និបាតសភាអង្គការណាតូ សង្ឃឹមថា ស្ថានភាពក្នុងប្រទេសទុយនេស៊ីនឹងអំណោយផលចំពោះការកើតមានសាឡើងវិញ នូវកិច្ចសហប្រតិបត្តិការសភា ជាមួយសន្និបាតសភាអង្គការណាតូ។”
គូសបញ្ជាក់ផងដែរថា សភារបស់សាធារណរដ្ឋទុយនេស៊ី ដែលមានឈ្មោះថា សន្និបាតរបស់តំណាងប្រជាជន(The Assembly of People’s Representatives) បានក្លាយជាសភាសង្កេតការណ៍ នៃសន្និបាត សភាអង្គការណាតូ តាំងពីឆ្នាំ១៩៩៦។ គណៈប្រតិភូសភាប្រទេសទុយនេស៊ី បានចូលរួមជាទៀងទាត់ក្នុង សកម្មភាពរបស់សន្និបាតសភាអង្គការណាតូ ជាពិសេសសកម្មភាពការងាររបស់សន្និបាតសភាអង្គការណា តូនៅក្នុងតំបន់មេឌីទែរ៉ាណេ និងក្រុមការងារពិសេសសម្រាប់តំបន់មជ្ឈិមបូព៌ា(វេទិកាដែលសមាជិកសភា នៃប្រទេសជាសមាជិកអង្គការណាតូ និង សមាជិកសភានៃប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ជួបពិភាក្សាគ្នាអំពីបញ្ហានយោបាយ សន្តិសុខ និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ)។
សន្និបាតសភាអង្គការណាតូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ដើរតួនាទីជាអង្គការពិគ្រោះយោបល់អន្តរសភាសម្រាប់សម្ព័ន្ធមិត្រក្នុងតំបន់ អាត្លង់ទិកខាងត្បូង។ សន្និបាតនេះមានប្រតិភូចំនួន២៦៩រូប មកពី៣០ប្រទេសជាសមាជិកអង្គការណាតូ។ ក្រៅពីប្រតិភូមកពីប្រទេស ជាសមាជិកអង្គការណាតូ សន្និបាត ក៏មានប្រតិភូជាច្រើនក្រុមទៀតផងដែរ(សូមមើលរូបភាព ក្នុងទំព័របន្ទាប់) ដែលចូលរួមក្នុងសកម្មភាព ការងារផ្សេងៗរបស់សន្និបាត។ សន្និបាតសភាអង្គការណាតូ ត្រូវបានដឹកនាំដោយគណៈកម្មាធិការអចិន្រ្តៃយ៍ (Standing committee) ដែលមានប្រធាន១រូប អនុប្រធាន៥រូប ប្រធានគណៈប្រតិភូនៃប្រទេសជា សមាជិកអង្គការណាតូ និងអគ្គលេខាធិការ១រូប។ សន្និបាតសភាអង្គការណាតូ បានបង្កើតគណៈកម្មាធិការ ក្រុមការងារពិសេស និងក្រុមប្រឹក្សា សរុបចំនួន៩ទៀត ដើម្បីអនុវត្តការងាររបស់ខ្លួន៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ៣០-០៧-២២- មាស តូនី ប្រែសម្រួលពី (1)https://www.nato-pa.int/news/nato-pa-presidents-statement-tunisias-25-july-constitutional-referendum (2)https://www.nato-pa.int/download-file?filename=/sites/default/files/2022-07/ASSEMBLY%20LEAFLET%20-%20JUNE%202022%20.pdf
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម