logo logo
banner1
ប្រធានសភាអឺរ៉ុបថ្លែងទៅកាន់សភាអ៊ុយក្រែនតាមប្រព័ន្ធនិម្មិតថា យើងនឹងជួយគ្រប់ជំហាន នៃកិច្ចប្រឹងប្រែងចូលជាសមាជិកសហភាពអឺរ៉ុប
 

លោកស្រី Roberta Metsola Tedesco Triccas ប្រធានសភាសហភាពអឺរ៉ុប

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២  លោកស្រី  Roberta Metsola Tedesco Triccas ប្រធានសភាសហភាពអឺរ៉ុបបានសន្យានៅចំពោះមុខសភាប្រទេសអ៊ុយក្រែនថា សហភាពអឺរ៉ុបនឹង”ប្រកៀក ស្មាជាមួយអ៊ុយក្រែន” ក្នុងគ្រាដែលអ៊ុយក្រែនឆ្ពោះទៅរកការទទួលបានសមាជិកភាពនៅក្នុងប្លុកអឺរ៉ុប។ លេចមុខនៅក្នុងប្រព័ន្ធវីដេអូនៅចំពោះមុខសមាជិកសភាអ៊ុយក្រែន លោកស្រី Metsola បានកត់សម្គាល់ “ទិវាឯករាជ្យជាតិ” ដែលជាថ្ងៃឈប់សម្រាកជាសាធារណៈ ដែលប្រារព្ធឡើងកាលពីឆ្នាំ២០២១ ដើម្បីរំលឹកខួប៣០ឆ្នាំ នៃការទទួលបានឯករាជ្យភាពពីអតីតសហភាពសូវៀត។ លោកស្រីបានថ្លែងថា ទិវានេះកាន់ តែមានន័យថែមទៀត នៅក្នុងឆ្នាំ២០២២នេះ នៅចំពេលដែលមានការបំផ្លាញហិនហោច ដោយសារតែសង្រ្គាមរបស់សហព័ន្ធរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។

លោកស្រី Metsola បានថ្លែងថា “ថ្ងៃនេះ គឺជានិម្មិតរូបមួយមិនសម្រាប់ប្រទេសអ៊ុយក្រែន និងសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺប្រទេសអឺរ៉ុបទាំងអស់”។ ការកត់សម្គាល់របស់លោកស្រី បានកើតមានឡើងតែ  ១ខែប៉ុណ្ណោះ  ក្រោយពីសហភាពអឺរ៉ុបបានផ្តល់ឋានៈដល់អ៊ុយក្រែនជា បេក្ខភាព ដែលជំហានគន្លឹះមួយឆ្ពោះទៅជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែមាគ៌ារបស់អ៊ុយក្រែនឆ្ពោះទៅចូលរួមក្នុងប្លុកប្រទេសទាំង២៧   គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងទំនងជាចំណាយពេលច្រើនឆ្នាំទៅមុខទៀត។

ការផ្តល់ឋានៈជាបេក្ខភាពដល់អ៊ុយក្រែន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រកៀកស្មាឆ្ពោះទៅរកការទទួលបានជាសមាជិកពេញសិទ្ធិសម្រាប់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។ វាអាចមិនមែនជាផ្លូវមួយងាយស្រួលឡើយ ប៉ុន្តែសភាអឺរ៉ុបគឺជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាបំផុតសម្រាប់អ្នក យើងនៅទីនោះដើម្បីជួយអ្នកគ្រប់ជំហានដើរទៅមុខ។ ជាការពិត នៅទីបំផុតការសម្រេចចិត្តចុងក្រោយចំពោះការចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែននឹងស្ថិតនៅលើប្រទេសទាំងអស់នៅក្នុងប្លុកអឺរ៉ុប មិនមែនគ្រាន់តែសភាអឺរ៉ុបមួយទេ។

គួរបញ្ជាក់ផងដែរថា លោកស្រី Roberta Metsola គឺជាមេដឹកនាំដ៏សំខាន់ ១រូប នៃស្ថាប័នអឺរ៉ុបដំបូង គេដែលបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពីសង្រ្គាមរុស្ស៊ីបានចាប់ផ្តើមឡើង។ លោកស្រី​បានធ្វើដំណើរកាលពីខែមេសា ឆ្នាំ២០២២ ដើម្បីលើកកម្ពស់ជំនួយហិរញ្ញវត្ថុ យោធា និងមនុស្សធម៌របស់សហភាពអឺរ៉ុបជួយដល់រដ្ឋាភិបាលទីក្រុងកៀវ។ លោកស្រី Metsola គឺជាអ្នកនយោបាយជន  ជាតិម៉ាល់ត៍(Maltese) ដែលបានជាប់ឆ្នោតជាប្រធានសភាអឺរ៉ុប ចាប់តាំងពីខែមករា ឆ្នាំ២០២២មក៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.politico.eu/article/eu-parliament-roberta-metsola-ukraine-membership/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`