រូបភាពកូនប្រុសកំពុងជិះលើកឪពុកដើរតាមដងផ្លូវ នៅក្នុងព្រះរាជាណាចក្រម៉ារ៉ុក
សភាតំណាងនៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តបង្កើនថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកម៉ារ៉ុក ជាបុរសដែលមានភរិយាសម្រាលបុត្រ (paternity leave) ដោយទទួលប្រាក់បៀវត្សរ៍ ពី ៣ថ្ងៃ ដល់១៥ថ្ងៃ។ បើតាមសេចក្តីព្រាងច្បាប់ថ្មីនេះ បុគ្គលិកម៉ារ៉ុកជាបុរសគ្រប់រូបដែលមានទារកទើបតែកើត ឬជាអាណាព្យាបាលទារកដែលមានអាយុក្រោម ១៤សប្តាហ៍នឹងទទួលបានការឈប់សម្រាក ១៥ថ្ងៃជាប់ៗគ្នា ដោយមានប្រាក់បៀវត្សរ៍។ ការឈប់សម្រាកសម្រាប់ស្រ្តីសម្រាលបុត្រនៅក្នុងប្រទេសម៉ារ៉ុក គឺ ១៤សប្តាហ៍។
សេចក្តីព្រាងច្បាប់ខាងលើត្រូវបានស្នើឡើងដោយលោកស្រី Ghita Mezzour រដ្ឋមន្រ្តីក្រសួងផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់រដ្ឋបាល។ ច្បាប់នេះប្តេជ្ញាធ្វើឱ្យបុគ្គលិកបុរសម៉ារ៉ុកអាចចូលរួមក្នុងជីវិតគ្រួសារ និងមានវត្តមានក្នុងថ្ងៃដំបូងនៃការចាប់កំណើតជីវិតថ្មីរបស់បុត្រពួកគេ។ លោកស្រី Mezzour បានថ្លែងថា “ការបង្កើនថ្ងៃឈប់សម្រាកសម្រាប់បុរសដែលមានភរិយាសម្រាលបុត្ររហូតដល់ ១៥ថ្ងៃដោយ មានប្រាក់បៀវត្សរ៍ គឺជាវិធានការមួយធ្វើឡើងដើម្បីគាំទ្រដល់អ្នកម្តាយថ្មី ដោយអនុញ្ញាតឱ្យពួកគេទទួលបានការគាំទ្រពីដៃគូរបស់ខ្លួន ក្នុងពេលវេលាដ៏សំខាន់នៃជីវិតរបស់ពួកគេ”។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ រដ្ឋាភិបាលបានបង្ហាញសេចក្តីព្រាងច្បាប់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសង្គម ដែលខ្លួនបានចុះហត្ថលេខាជាមួយសហជីពជាតិពលករដើម្បី “កែលម្អល័ក្ខខ័ណ្ឌ ការងារសម្រាប់ថ្នាក់ការងារ”។ សេចក្តីព្រាងច្បាប់ថ្មីនេះនឹងធ្វើឱ្យម៉ារ៉ុកក្លាយជាប្រទេសមួយដែលមានច្បាប់ ឈប់សម្រាកភរិយាសម្រាលបុត្រដោយមានប្រាក់បៀវត្សរ៍ យូរជាងគេ នៅក្នុងតំបន់ MENA។ ប៉ុន្តែយ៉ាងណាក៏ដោយ មានតែបុគ្គលិករដ្ឋប៉ុណ្ណោះដែលនឹងទទួលបានផលប្រយោជន៍ថ្មីមួយនេះ។ រដ្ឋាភិបាលថា ខ្លួនកំពុងតែធ្វើការងារនេះ ដើម្បីធ្វើបរិយាបន្នបុគ្គលិកក្នុងវិស័យឯកជនផងដែរ។
ក្នុងពេលដែលតួនាទីយែនឌ័រ កំពុងតែមានការផ្លាស់ប្តូរ ហើយការថែទាំកូនៗ លែងត្រូវបានគេមើល ឃើញថាជា ការទទួលខុសត្រូវតែម្នាក់ឯងសម្រាប់ស្រ្តីទៀតហើយនោះ មានប្រទេសជាច្រើនបានចាប់ផ្តើម តាក់តែងច្បាប់ឈប់សម្រាប់បុរសមានភរិយាសម្រាលបុត្រ បានយូរជាងមុន។ មានការសិក្សាខ្លះបានរក ឃើញថា ការបង្កើនថ្ងៃឈប់សម្រាកសម្រាប់បុរសជាឪពុកដោយទទួលបានប្រាក់បៀវត្សរ៍ ធ្វើឱ្យការចូលរួមរបស់ស្រ្តីក្នុងកម្លាំងការងារកើនឡើងជាងមុន និងកាត់បន្ថយចន្លោះគម្លាតយែនឌ័រផងដែរ។ មានប្រទេសជាច្រើនឈានទៅតម្រូវឱ្យលោកឪពុកថ្មី ត្រូវទទួលបានផលប្រយោជន៍ពីការឈប់សម្រាករបស់ខ្លួន ជាឧទាហរណ៍ ប្រទេសបារាំង បុរសដែលមានភរិយាសម្រាលបុត្រ ទទួលបានថ្ងៃឈប់សម្រាកដល់ទៅ ២៨ថ្ងៃ៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.alaraby.co.uk/news/moroccos-parliament-approves-15-days-paid-paternity-leave
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម