លោក Hamza Abdi Barre នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសូម៉ាលី
កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋសូម៉ាលីបានសម្រេចចិត្តទុកពេលឱ្យ លោកនាយករដ្ឋមន្ត្រី Hamza Abdi Barre រយៈពេល១០ថ្ងៃបន្ថែមទៀតដើម្បីបង្កើតរដ្ឋាភិបាលរបស់លោក។
លោក Barre ដែលត្រូវបានគេរំពឹងថានឹងតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃចន្ទ ទី២៥ ខែកក្កដា គឺ៣០ថ្ងៃបន្ទាប់ពីការតែងតាំងរូបលោកជានាយករដ្ឋមន្រ្តី។ លោក Barre បានមានប្រសាសន៍ថា រូបលោកមិនទាន់បានបញ្ចប់ការពិគ្រោះយោបល់លើការបង្កើតគណៈរដ្ឋមន្ត្រីនៅឡើយទេ។ លោក Barre ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែមិថុនា និងបានស្នើឱ្យសភាផ្តល់ការពន្យារពេលដល់ រូបលោកដើម្បីបង្កើតរដ្ឋាភិបាលដែលមានការចូលរួមពីបក្សនយោបាយទាំងអស់ ដោយបានកត់សម្គាល់ថា ការពន្យារពេលនេះគឺដោយសារតែដំណើរការបោះឆ្នោតមានការអូសបន្លាយ។ លោក Barre បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីបង្កើតរដ្ឋាភិបាលដែលមានតុល្យភាព វាចាំបាច់ក្នុងការ ចំណាយពេល គ្រប់គ្រាន់ក្នុងការពិគ្រោះយោបល់ជាមួយអ្នកនយោបាយផ្សេងៗនៃប្រទេស និងសង្គមស៊ីវិល”។ លោកបានមានប្រសាសន៍បន្ថែមថា “ប្រទេសសូម៉ាលីស្ថិតនៅផ្លូវបំបែក ហើយត្រូវតែឆ្ពោះទៅមុខ។ យើងត្រូវបង្កើតរដ្ឋបាលដែលអាចផ្តល់នូវការផ្លាស់ប្តូរ និងការអភិវឌ្ឍដែលប្រជាជនរបស់យើងត្រូវការជាបន្ទាន់”។ លោក Sadia Yasin Samatar អនុប្រធានទីមួយនៃសភាជាន់ទាបបានមានប្រសាសន៍ថា សមាជិក សភាចំនួន ១៤៤រូប ក្នុងចំណោម ១៤៥រូប ដែលបានចូលរួមក្នុងសម័យប្រជុំកាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា បានអនុម័តលើសំណើរបស់លោក Barre ខណៈដែលសមាជិកសភាតែមួយរូបប៉ុណ្ណោះបានជំទាស់។
លោក Barre បានបើកកិច្ចប្រជុំជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ជាមួយមេដឹកនាំសាសនា និងក្រុមសង្គមស៊ីវិលមួយចំនួនស្តីពីការបង្កើតរដ្ឋាភិបាល។ នៅក្នុងជំនួបជាមួយសង្គមស៊ីវិល លោក Barre បានលើកឡើងពីតួនាទីរបស់យុវជនសូម៉ាលីក្នុងការចូលរួមក្នុងការអភិវឌ្ឍដោយកត់សម្គាល់ថា ពួកគេគឺជា អនាគតរបស់ប្រទេស ហើយដំបូន្មានរបស់ពួកគេមានប្រយោជន៍ក្នុងការគាំទ្ររដ្ឋាភិបាល។ លោក Barre បានមានប្រសាសន៍បន្តទៀតថា លោកបានផ្លាស់ប្តូរទស្សនៈជាមួយពួកគេអំពីគណៈរដ្ឋមន្ត្រីដែលលោកកំពុងបង្កើត និងរបៀបដែលវានឹងបង្កើតឱកាសការងារសម្រាប់យុវជនសូម៉ាលី៕
http://ព័ត៌មានសភាអន្តរជាតិ ២៦-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220726/d340477fca8f4e4e86f88a7a0d61be75/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម