រូបភាពសភានៃសាធារណរដ្ឋលីទុយអានី
រដ្ឋធានីវីលនីញូស៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភានៃសាធារណរដ្ឋលីទុយអានី បានអនុម័តផ្តល់ការគាំទ្រឱ្យព្រះរាជាណាចក្រស៊ុយអែត និងសាធារណរដ្ឋហ្វាំងឡង់ បានចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។ លោក Arvydas Anusauskas រដ្ឋមន្រ្តីក្រសួងការពារជាតិលីទុយអានីដែលជារដ្ឋមួយស្ថិតនៅក្នុងតំបន់បាល់ទិក បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់ លោកថា “សភាលីទុយអានី ទើបតែបានអនុម័តឱ្យស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ”។
ទាំងស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យជាផ្លូវការសុំចូលក្នុងសម្ព័ន្ធមិត្តអន្តរ-អាត្លង់ទិក កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងមក ដែលជាការសម្រេចចិត្តមួយបណ្តាលមកពីសង្រ្គាមរបស់សហព័ន្ធរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែមានសមាជិកចាស់វស្សាមួយនៃសម្ព័ន្ធមិត្តណាតូ គឺប្រទេសតួកគី បានសម្តែងការជំទាស់ចំពោះកិច្ចខិតខំប្រឹងដើម្បីក្លាយជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ ដោយបានរិះគន់ថា ប្រទេសទាំងពីរបានអត់ឱន និងគាំទ្រដល់ក្រុមភេរវករ។
នៅក្នុងកិច្ចព្រមព្រៀងត្រីភាគីមួយ ចុះហត្ថលេខារវាងប្រទេសទាំងបី កាលពីខែមិថុនា ឆ្នាំ២០២២ បានចែងថា ហ្វាំងឡង់ និងស៊ុយអែតនឹងមិនគាំទ្រដល់ក្រុម YPG/PYD ក្រុម PKK នៅក្នុងប្រទសស៊ីរី អង្គការភេរវករ Fetullah(FETO) ដែលជាក្រុមស្ថិតនៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចមួយ ក្នុងឆ្នាំ២០១៦ នៅក្នុងប្រទេសតួកគី និងបានថ្លែងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា គាំទ្រពេញទំហឹងដល់ប្រទេស ហ្វាំងឡង់ និងស៊ុយអែតដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ ប៉ុន្តែរាល់ការពង្រីក សមាជិកណាមួយត្រូវមានការយល់ព្រមពីសមាជិកអង្គការសម្ព័ន្ធមិត្តណាតូទាំង ៣០ប្រទេស។
គួរបញ្ជាក់ផងដែរ ក្រុម PKK ត្រូវបានដាក់ក្នុងបញ្ជីជាអង្គការភេរវករ ដោយប្រទេសតួកគី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ហើយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សចំនួន ៤០,០០០នាក់ រួមទាំង ស្រ្តី កុមារ និងទារក។ ក្រុម YPG គឺជាក្រុមភេរវករដែលជាសាខារបស់ក្រុម PKK មានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/lithuanian-parliament-approves-sweden-finlan-1538771.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម