លោក Arif Alvi ប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
រដ្ឋធានីអ៊ីស្លាប៉ាបាដ៖ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ARY News កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Arif Alvi ប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នឹងកោះបើកសម័យប្រជុំសភាជាន់ទាបរបស់ខ្លួន នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
មាត្រា ៥៤ នៃរដ្ឋធម្មនុញ្ញចែងថា ប្រធានាធិបតីប៉ាគីស្ថាន មានសិទ្ធិកោះបើកសម័យប្រជុំ សភាជាន់ទាប។ កាលពីដើមខែមិថុនា ឆ្នាំ២០២២ លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានបញ្ជូនសេចក្តីព្រាងច្បាប់ការិយាល័យគណនេយ្យភាពជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់វិសោធនកម្មច្បាប់បោះឆ្នោតទៅនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចឡើងវិញ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅលោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួចហើយ ដោយអនុលោមតាមមាត្រា ៧៥ (B) នៃរដ្ឋធម្មនុញ្ញ។
ប្រមុខរដ្ឋរូបនេះ បានណែនាំឱ្យគណៈកម្មាធិការជំនាញសភាពិនិត្យសេចក្តីព្រាងច្បាប់ទាំងពីរឡើងវិញ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តយ៉ាងប្រញាប់ដោយសភាជាន់ទាប កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ និងអនុម័តដោយសភាជាន់ខ្ពស់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះបើតាមការកត់សម្គាល់របស់លោក Arif Alvi។
ប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា អ្នកជំនាញច្បាប់ និងអង្គការសង្គមស៊ីវិលនានា គួរតែត្រូវបានចូលរួម មុនការតាក់តែងសេចក្តីព្រាងច្បាប់ទាំងនេះ។ ប្រមុខរដ្ឋរូបនេះក៏ធ្លាប់បានណែនាំផងដែរ ឱ្យផ្តល់សិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋប៉ាគីស្ថានដែលរស់នៅឯនាយសមុទ្រ កាលពីឆ្នាំ២០១៤ និង ២០១៨។ ប្រជាពលរដ្ឋប៉ាគីស្ថានដែលរស់នៅឯនាយសមុទ្រ អាចត្រូវបានផ្តល់លទ្ធភាពបោះឆ្នោត តាមរយៈការរីកចម្រើនផ្នែកបច្ចេកវិទ្យា អនុលោមតាមមាត្រា ១៧ នៃរដ្ឋធម្មនុញ្ញ៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ HTTPS://ARYNEWS.TV/PRESIDENT-ARIF-ALVI-SUMMONS-NA-SESSION-ON-JULY-27/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម