ទិដ្ឋភាពក្នុងជំនួបពិភាក្សាការងាររវាងសមាជិករដ្ឋសភាវៀតណាម-ឡាវ
សាធារណរដ្ឋសង្គមនិយមវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការរួមសាមគ្គី និងពង្រឹង មិត្តភាព ជាពិសេស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមទាំង ចំណងទាក់ទងកិច្ចសហការជាប្រពៃណីរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ លោក Tran Thanh Man អនុប្រធានអចិន្រ្តៃយ៍នៃរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពសភាវៀតណាម-ឡាវ បានអះអាងបែបនេះកាលពីថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយលោកស្រី Sounthon Xayachak អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពសភាឡាវ-វៀតណាម នៅក្នុងរដ្ឋធានីហាណូយ លោក Man បានអបអរសាទរដល់គណបក្ស រដ្ឋ និងប្រជាជនឡាវ ចំពោះការសម្រេចបាននូវសមិទ្ធផលជាតិគ្រប់ជ្រុងជ្រោយ។ ពិនិត្យមើលឡើងវិញពីកិច្ចសហប្រតិបត្តិការទ្វេភាគីកាលពីឆ្នាំ២០២១ និងក្នុងឆមាសទី១ ឆ្នាំ២០២២ លោក Man បានថ្លែងថា ភាគីទាំងពីររក្សាបាននូវការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចប្រជុំនានា ក៏ដូចជា ការអនុវត្តនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងផែនការកិច្ចសហប្រតិបត្តិការតាមគ្រប់មធ្យោបាយ។ លោក Man បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមកាលពីខែឧសភា កិច្ចព្រមព្រៀងស្តីពីកិច្ចប្រជុំប្រចាំឆ្នាំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ និងកិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តរ-រដ្ឋាភិបាលវៀតណាម-ឡាវ កាលពីខែមករា ដែលសម្រេចបាននូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់។
សម្រាប់ភាគីឡាវ លោកស្រី Sounthon បានអបអរសាទរដល់គណបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការសម្រេចបាននូវសមិទ្ធផលនានា នាពេលកន្លងមក ដែលត្រូវបានមើលឃើញថា សមិទ្ធផលទាំងនោះមានការរួមចំណែកដ៏សំខាន់ពីរដ្ឋសភាវៀតណាម។ លោកស្រីជឿថា ចំណងទាក់ទងនីតិប្បញ្ញត្តិទ្វេភាគីនឹងរីកចម្រើនថែមទៀត យ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ បើទោះបីជាមានស្ថានភាពលំបាកកំពុងកើតមានឡើងនៅក្នុងតំបន់ និងអន្តរជាតិក៏ដោយ។ លោកស្រីប្តេជ្ញាធ្វើការងារខ្លាំងក្លាជាងមុន ដើម្បីថែរក្សា និងលើកកម្ពស់មិត្តភាព ជាពិសេសសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោកស្រី Sounthon បានស្នើឱ្យភាគីទាំងពីរផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកឱ្យកាន់តែច្រើនជាងមុន នៅក្នុងឆ្នាំ២០២២នេះ និងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការ ជាពិសេសការរៀបចំសិក្ខាសាលាដែលអាចផ្លាស់ប្តូរបទពិសោធជំនាញ។ លោកស្រីអនុប្រធានរដ្ឋសភាឡាវរូបនេះបានថ្លែងបន្តថា ភាគីទាំងពីរគួរតែបន្តកិច្ចសម្របសម្រួលប្រកបដោយប្រសិទ្ធភាព នៅឯវេទិកាសភាតំបន់ និងអន្តរជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-lao-legislatures-deepen-cooperatives-ties/234053.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម