logo logo
banner1
ប្រធានសភាវៀតណាម-ម៉ិកស៊ិកចួបពិភាក្សាការងារតាមប្រព័ន្ធនិម្មិត
 

 លោកស្រី Olga Sanchez Cordero ប្រធានព្រឹទ្ធសភាម៉ិកស៊ិក និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម

លោក Vuong Dinh Hue ​ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងពី បំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រឹងចំណងទាក់ទងជាប្រពៃណីជាមួយម៉ិកស៊ិក ក្នុងអំឡុងពេលនៃជំនួបពិភាក្សាតាមប្រព័ន្ធនិម្មិតជាមួយលោកស្រី Olga Sanchez Cordero ប្រធានព្រឹទ្ធសភានៃសហរដ្ឋ     ម៉ិកស៊ិក កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។

លោក Hue បានសង្កត់ធ្ងន់ថា វៀតណាមចងចាំជានិច្ចចំពោះការគាំទ្រដ៏មានតម្លៃរបស់ម៉ិកស៊ិក សម្រាប់ការតស៊ូរបស់ខ្លួន ដើម្បីទទួលបានឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិឡើងវិញ។ វៀតណាម តែងតែផ្តល់តម្លៃ និងប្រាថ្នាលើកកម្ពស់ចំណងទាក់ទងជាប្រពៃណីជាមួយបណ្តាប្រទេសអាម៉េរិកឡាទីន រួមទាំង ម៉ិកស៊ិកផងដែរ ឈានទៅកម្រិតថ្មីមួយ។  វៀតណាមសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងជាមួយម៉ិកស៊ិក តាមរយៈគណបក្ស រដ្ឋាភិបាល សភា និងតាមមធ្យោបាយរវាងមនុស្ស និងមនុស្ស។ លោកលោក Hue បានស្នើឱ្យភាគីទាំងពីរ បន្តបង្កើននូវដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិត ជាពិសេស មេដឹកនាំ     កំពូលៗ លោកក៏បានអញ្ជើញលោកស្រី Cordero បំពេញទស្សនកិច្ចផ្លូវការទៅកាន់វៀតណាម និងពាំនាំ នូវការអញ្ជើញដូចគ្នានេះរបស់លោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាម ទៅកាន់លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំសភាទាំងពីរ បានកោតសសើរដល់លទ្ធផលនៃចំណងទាក់ទងរវាង ប្រទេសទាំងពីរ ក្នុងពេលកន្លងមកថ្មីៗនេះ។ សម្រាប់ភាគីម៉ិកស៊ិក លោកស្រី Cordero បានថ្លែងថា ប្រទេសទាំងពីរបានចែករំលែកតម្លៃរួមគ្នា ដោយផ្អែកលើគោលការណ៍គ្រឹះនៃការគោរពដល់ឯករាជ្យភាព អធិប   តេយ្យភាព មិត្តភាព និងពហុភាគីនិយម។ លោកស្រីក៏បានអះអាងពីការគាំទ្ររបស់ប្រទេសលោកស្រីចំពោះវៀតណាមនៅឯវេទិកាពហុភាគី។ មេដឹកនាំសភាទាំងពីរ បានចែករំលែកនូវទស្សនៈថា សភាទាំងពីរគួរតែលើកកម្ពស់ឱ្យបានខ្លាំងក្លានូវការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលវៀតណាម-ម៉ិកស៊ិក។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសភា ទាំងទិដ្ឋភាពទ្វេភាគី និងពហុភាគី និង បានអះអាងពីសារៈសំខាន់នៃតួនាទីនៃកិច្ចសហប្រតិបត្តិការមួយនេះក្នុងការពង្រឹងចំណងទាក់ទងទ្វេភាគី។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមករវាងមេដឹកនាំសភាទាំងពីរ ស្ថាប័នជំនាញ ក្រុមមិត្តភាព បង្កើនការចែករំលែកបទពិសោធ​ រក្សាការពិគ្រោះយោបល់ កិច្ចសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក នៅឯយន្តការកិច្ចសហប្រតិបត្តិការពហុភាគី ក៏ដូចជា វេទិកាសភាតំបន់ និងអន្តរជាតិ៕

http://ព័ត៌មានសភាអន្តរជាតិ ២០-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislators-of-vietnam-mexico-hold-online-talks/233978.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`