logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ស្នើឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានតុល្យភាពអំណាច និងសាមគ្គីភាព
 

កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា​​ ឆ្នាំ២០២២ លោកKim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានស្នើឱ្យជំរុញការសើរើរដ្ឋធម្មនុញ្ញដើម្បីបំបែកអំណាច ដែលបច្ចុប្បន្នប្រមូលផ្តុំខ្លាំងនៅក្នុងដៃប្រធា នាធិបតី និងដើម្បីលើកកម្ពស់ឯកភាពជាតិ។ លោកKim បានលើកឡើងបែបនេះនៅថ្ងៃទិវារដ្ឋធម្មនុញ្ញ ហើយការលើកឡើងបែបនេះហាក់ដូចជាការដុតឱ្យឆេះឡើងវិញនូវបញ្ហាដែលគេតែងតែជជែកដេញដោលគ្នាជាយូរណាស់មកហើយ។ តិចឬច្រើនក៏វាប៉ះពាល់ផងដែរដល់អារម្មណ៍របស់ លោក Yoon Suk-yeol   ប្រធានាធិបតីបច្ចុប្បន្នរបស់របស់កូរ៉េខាងត្បូង ដែលទើបនឹងចាប់ផ្តើមអាណត្តិប្រធានាធិបតីរបស់លោក ក្នុងខែឧសភា​ ឆ្នាំ២០២២។ ប្រធានាធិបតីកូរ៉េខាងត្បូង មានអាណត្តិរយៈពេល៥ឆ្នាំ។

        លោកKim បានថ្លែងនៅក្នុងសភា ក្នុងឱកាសខួប៧៤ឆ្នាំនៃទិវារដ្ឋធម្មនុញ្ញថា៖ “មានការជជែកភ្លូកទឹក ភ្លូកដីក្នុងសង្គមរបស់យើង អំពីការដែលគួរតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ដោយសារសាធារណជនជាច្រើនបានមូលមតិគ្នាលើបញ្ហានេះ ដូច្នេះវាល្មមដល់ពេលដែលយើងត្រូវធ្វើការងារនេះ។” លោកKimបានថ្លែងថា កូរ៉េខាងត្បូងត្រូវការចានបាយមួយដែលធំជាងមុន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតឡើងក្នុងសង្គម​ តួយ៉ាងដូចជាបញ្ហាអត្រាកំណើតធ្លាក់ ចុះទាប បញ្ហាកំណើនមនុស្សចាស់ក្នុងសង្គម បញ្ហាវិសមភាព និងផ្សះផ្សារការប្រេះស្រាំផ្នែកនយោបាយ។ លោកKimបានថ្លែងថា៖ ”យើងត្រូវតែជំរុញឱ្យមានការបំបែកអំណាច និងការបង្កើនកិច្ចសហប្រតិបត្តិការ។ ប្រទេសយើងគួរត្រូវបានដឹកនាំតែតាមបែប ដែលអំណាចត្រូវបានបែងចែកទៅតាមផ្នែកផ្សេងៗ មិនមែនអំណាចត្រូវបានប្រមូលផ្តុំតែនៅក្នុងដៃបុគ្គលម្នាក់ដែលមានអំណាចកំពូលនោះឡើយ ហើយរដ្ឋសភានឹងបង្កើតនូវអង្គភាពប្រឹក្សាយោបល់ជំនាញមួយ ដើម្បីពិនិត្យលើក្របខណ្ឌពេលវេលា ប្រធានបទ និងទំហំនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រដ្ឋសភានឹងស្នើឱ្យសមាជិកសភានៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរួមគ្នាបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីពិភាក្សាអំពីការសើរើរដ្ឋធម្មនុញ្ញ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតី និងសមាជិកសភាអាចស្នើឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចចូលជាធរមានបាន លុះត្រាតែមានការយល់ព្រមពីសមាជិកសភាចំនួន២ភាគ៣​នៃសមាជិកសភាទាំងអស់ និងមានការយល់ព្រមភាគច្រើននៅក្នុងការធ្វើប្រជាមតិថ្នាក់ជាតិ(National Referendum)៕

 

http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៨-០៧-២២- មាស តូនី ប្រែសម្រួលពី៖https://m-en.yna.co.kr/view/AEN20220717001300325



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`