logo logo
banner1
សភាម៉ាសេដ្វានខាងជើង គាំទ្រសំណើរបស់បារាំងស្នើឱ្យមានកិច្ចព្រមព្រៀង ជាមួយប៊ុលហ្គារី ដើម្បីចាប់ផ្តើមការចរចាចូលជាសមាជិកសហភាពអឺរ៉ុប
 

រូបភាពសភានៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង

រដ្ឋធានីស្កុបជេ៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភានៃក្រុមចម្រុះគណបក្សកាន់អំណាចនៅក្នុងសាធារណរដ្ឋម៉ាសេដ្វានខាងជើង ដឹកនាំដោយគណបក្សបង្រួបបង្រួមសង្គម  ប្រជាធិបតេយ្យម៉ាសេដ្វាន(SDUM) បានគាំទ្រសំណើរបស់សាធារណរដ្ឋបារាំងស្នើឱ្យមានកិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋប៊ុលហ្គារី ដើម្បីចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប។

សមាជិកសភាចំនួន ៦៨រូប នៃ១២០រូប បានបោះឆ្នោតគាំទ្រសំណើរបស់សាធារណរដ្ឋបារាំង។​ សមាជិកសភាគណបក្សប្រឆាំង គឺគណបក្សបដិវត្តន៍ផ្ទៃក្នុងម៉ាសេដ្វាន-ប្រជាធិបតេយ្យរួបរួមជាតិម៉ាសេដ្វាន (VMRO-DPMNE) និងគណបក្ស Levica បានដើរចេញពីកិច្ចប្រជុំ និងមិនចូលរួមក្នុងការបោះឆ្នោតនោះឡើយ។ ពេលនេះរដ្ឋាភិបាលម៉ាសេដ្វានខាងជើងទទួលបានការយល់ព្រមពីសភាឱ្យបើកការចរចាជាមួយសាធារណរដ្ឋប៊ុលហ្គារី និងសហភាពអឺរ៉ុប នេះបើតាមឯកសារដែលបានស្នើឡើង។

ការធ្វើបាតុកម្មតវ៉ាទ្រង់ទា្រយធំ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីស្កុបជេ និងទីក្រុងដទៃទៀតនៅ    ទូទាំងប្រទេស អស់ពេល ១២ថ្ងៃមកហើយ ពាក់ព័ន្ធនឹងសំណើខាងលើរបស់បារាំង។ គណប្រឆាំង និងក្រុម  បាតុករយល់ថា ឯកសារនេះបានរំលោភបំពានលើជាតិ វប្បធម៌ សិទ្ធិជាប្រវត្តិសាស្រ្ត និងផលប្រយោជន៍ របស់ប្រជាជនម៉ាសេដ្វាន។ ក្នុងជាមួយគ្នានោះ សភាប្រទេសម៉ាសេដ្វានខាងជើងបានចំណាយពេល   ៣ថ្ងៃ ក្នុងការពិភាក្សាលើសំណើខាងលើដែលស្នើឡើងដោយប្រទេសបារាំង។

ដោយឡែកកាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍មុន លោកស្រី  Ursula  von der  Leyen  ប្រធានគណៈកម្មការអឺរ៉ុបបានអញ្ជើញដល់រដ្ឋធានីស្កុបជេ នៃប្រទេសម៉ាសេដ្វានខាងជើង ដោយ បានចូលចួបជាមួយលោក Stevo Pendarovski ប្រធានាធិបតីម៉ាសេដ្វានខាងជើង លោក Dimitar Kova cevski នាយករដ្ឋមន្រ្តីម៉ាសេដ្វានខាងជើង និងលោក Bujar Osmani រដ្ឋមន្រ្តីការបរទេស ដើម្បីពិភាក្សា ពីការចូលជាសមាជិកសហភាពអឺរ៉ុប របស់ម៉ាសេដ្វានខាងជើង៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/north-macedonian-parliament-supports-frances-1537339.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`