លោក Rached Ghannouchi នឹងត្រូវសាកសួរលើការចោទប្រកាន់អំពីការប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យ
កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ លោក Maher Madhioub អតីតសមាជិកសភានៃសាធារណរដ្ឋទុយនីស៊ីម្នាក់បានមានប្រសាសន៍ថា សហភាពអន្តរសភា(IPU)បានស្នើសុំការបំភ្លឺអំពីការសាក សួរលោក Rached Ghannouchi មេដឹកនាំនៃគណបក្ស Ennahda ដោយអាជ្ញាធរទុយនីស៊ី។
លោក Madhioub បានមានប្រសាសន៍នៅនៅលើបណ្តាញសង្គមហ្វេសប៊ុកថា គណៈកម្មាធិការសិទ្ធិ មនុស្សរបស់IPU បានស្នើសុំការបំភ្លឺពីអាជ្ញាធរទុយនីស៊ីអំពីការបង្កកគណនីធនាគាររបស់លោក Ghannouchi និងការហាមឃាត់លោកពីការធ្វើដំណើរ។ លោក Madhioub បានមានប្រសាសន៍ថា លោក Ghannouchi បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការសិទ្ធិមនុស្ស ដើម្បីប្រឆាំងនឹងវិធានការរបស់ប្រទេសទុយនីស៊ីដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ មិនមានការអត្ថាធិប្បាយពីអាជ្ញាធរនៃប្រទេសទុយនីស៊ីលើការអះអាង របស់អតីតសមាជិកសភារូបនេះទេ។ លោក Ghannouchi គ្រោងនឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៃ ប្រទេសទុយនីស៊ីនៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ការសាកសួរលើការចោទប្រកាន់នៃប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យនៅក្នុងអង្គការសប្បុរសធម៌ Namaa Tounes។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរទុយនីស៊ីបានបង្កកមូលធនហិរញ្ញវត្ថុរបស់លោក Ghannouchi និងមនុស្សចំនួន ៩នាក់ផ្សេងទៀត រួមទាំងកូនប្រុសរបស់លោក និងអតីតលោកនាយករដ្ឋមន្ត្រី Hamadi Jebali ផងដែរ។
ប្រទេសទុយនីស៊ីបានធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅចាប់តាំងពីឆ្នាំមុន នៅពេលដែលលោកប្រធានាធិបតី Kais Saied បានទម្លាក់រដ្ឋាភិបាលចេញពីតំណែង ផ្អាកសភាបណ្តោះអាសន្ន និងកាន់អំណាចប្រតិបត្តិកាលពីខែកក្កដា ឆ្នាំ២០២១។ ក្រោយមកលោកបានប្រកាសរំលាយសភា បន្ទាប់ពីសមាជិក សភាបានបើកសម័យប្រជុំដើម្បីដកវិធានការរបស់លោក។ ខណៈពេលដែលលោក Saied ទទូចថាវិធានការរបស់លោក គឺសំដៅ “សង្គ្រោះ” ប្រទេសទុយនីស៊ី ប៉ុន្តែអ្នករិះគន់បានចោទប្រកាន់លោកពីបទរៀបចំរដ្ឋ ប្រហារ។ ប្រជាជនទុយនីស៊ីនឹងចូលរួមបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី២៥ ខែកក្កដា។ លោក Saied បានជំរុញឱ្យប្រជាជនទុយនីស៊ីចូលរួមបោះឆ្នោត “យល់ព្រម” លើធម្មនុញ្ញដែលបានស្នើឡើង៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/middle-east/inter-parliamentary-union-seeks-clarifications-on-tunisian-measures-against-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម