logo logo
banner1
គណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកូរ៉េខាងត្បូង ផ្អាកកិច្ចពិភាក្សាជាមួយ គណបក្សកាន់អំណាច ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មាធិការរដ្ឋសភា
 

រូបភាពសភានៃសាធារណរដ្ឋកូរ៉េ

គណបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) គឺគណបក្សប្រជាធិបតេយ្យ(DP) បានថ្លែងកាលពីថ្ងព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ថា គណបក្សខ្លួនបានផ្អាកការពិភាក្សា ជាមួយគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន(PPP) ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មា   ធិការជំនាញ​នៅក្នុងរដ្ឋសភា​។​ ការផ្អាកកិច្ចពិភាក្សានេះធ្វើឱ្យរដ្ឋសភាកូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ កាលពីដើមខែកក្កដានេះ ក្រុមគណបក្សប្រឆាំងបានបោះឆ្នោតគាំទ្រលោក  Kim Jin-pyo សមាជិករដ្ឋសភា មកពីគណបក្ស DP ជាប្រធានរដ្ឋសភានីតិកាលថ្មី ប៉ុន្តែគណបក្សទាំងពីរនៅតែខ្វែងគំនិតគ្នាចំពោះនីតិវិធី​ក្នុងការបង្កើតគណៈកម្មាធិការ​ជំនាញនៅក្នុងរដ្ឋសភា។

លោក Lee Soo-jin សមាជិករដ្ឋសភាមកពីគណបក្ស DP បានថ្លែងថា គណបក្សរបស់លោកបាន ផ្អាកការពិភាក្សាជាមួយគណបក្ស PPP ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មាធិការជំនាញរបស់រដ្ឋសភាដោយបានរិះគន់ថា គណបក្សកាន់អំណាច PPP “គ្មានភាពស្មោះត្រង់”។ ការបោះឆ្នោតគាំទ្រលោក Kim បាន កើតមានឡើងក្រោយពី គណបក្ស DP បានទទួលយកសំណើរបស់គណបក្ស PPP ថាខ្លួននឹងសហការ ចំពោះការបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា ក្រោមល័ក្ខខ័ណ្ឌ​ គណបក្ស DP សន្យាថា ខ្លួននឹងជ្រើសរើសប្រធានគណៈកម្មាធិការជំនាញ  ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ។

ថ្មីៗនេះ គណបក្ស DP បានយល់​ព្រមប្រគល់តំណែងប្រធានគណៈកម្មាធិការយុត្តិធម៌ដែលជាគណៈ កម្មាធិការមួយដ៏សំខាន់ដែលមានអំណាចក្នុងការអនុម័តសេចក្តីព្រាងច្បាប់​ មុនពេលបញ្ជូនសេចក្តីព្រាងច្បាប់ទៅក្នុងសភាពេញអង្គ ទៅឱ្យគណបក្ស PPP ក្នុងល័ក្ខខ័ណ្ឌដោះដូរថា គណបក្ស PPP ត្រូវសហការបង្កើតគណៈកម្មាធិការពិសេសមួយស្តីពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ប៉ុន្មានម៉ោង មុនពេលគណបក្សDP ប្រកាសពីការផ្អាកការពិភាក្សាជាមួយគណបក្ស PPP លោក Kweon Seong-dong ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សកាន់អំណាចបានថ្លែងថា ក្រុមគណបក្សប្រឆាំងបានយល់ព្រមពិភាក្សាលម្អិតពីការបង្កើតគណៈកម្មាធិការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។

ស្ថានភាពគ្មានច្រកចេញ នៃការចរចាបង្កើតគណៈកម្មាធិការជំនាញនេះ បានធ្វើឱ្យរដ្ឋសភាកូរ៉េខាងត្បូងគាំងដំណើរការជាង ១ខែមកហើយ រាល់ការតាក់តែងច្បាប់នានា និងសវនាការតែងតាំងសមាជិក     គណៈរដ្ឋមន្រ្តី ត្រូវបានផ្អាកទាំងបង្ខំ៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.daijiworld.com/news/newsDisplay?newsID=978982



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`