សិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធជំនាញទៅវិញទៅមករវាងរដ្ឋសភាវៀតណាម-ឡាវ
រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសមភាគីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្លាស់ប្តូរបទពិសោធជំនាញទៅវិញទៅមក ក្នុងអំឡុងពេលនៃសិក្ខាសាលាមួយធ្វើឡើងក្នុង រដ្ឋធានីហាណូយប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលាខាងលើដឹកនាំដោយសហប្រធាន លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងលោកSommad Pholsena អនុប្រធានរដ្ឋសភាឡាវ។
នៅក្នុងការថ្លែងបើកសុន្ទរកថា លោក Hai បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃឆ្នាំ២០២២ ជាឆ្នាំដែលវៀតណាម និងឡាវ កត់សម្គាល់ខួបអនុស្សាវរីយ៍លើកទី៦០ នៃចំណងការទូតវាងប្រទេសទាំងពីរ និងជាឆ្នាំទី៤៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ លោក Hai បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក Vuong Dinh Hue កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដែលក្នុងអំឡុងពេលនោះ ប្រធានសភាវៀតណាមរូបនេះ បានអះអាងពីគោលនយោបាយឥត ប្រែប្រួលរបស់វៀតណាម ក្នុងការផ្តល់អាទិភាពនិងផ្តល់សារៈសំខាន់ខ្ពស់បំផុតចំពោះមិត្តភាពដ៏អស្ចារ្យ ជាពិសេស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋ ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃប្រទេសទាំងពីរ។
លោក Hai បានថ្លែងបន្ថែមថា សិក្ខាសាលាខាងលើ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភា នៃប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសឡាវ។ សិក្ខាសាលាដូចគ្នានេះ ក៏បានធ្វើឡើងនៅក្នុងប្រទេសឡាវនាពេលកន្លងមកផងដែរ។ សម្រាប់ភាគី ឡាវ លោក Sommad Pholsena បានពណ៌នាថា សិក្ខាសាលានេះគឺជា កាលានុវត្តភាពមួយសម្រាប់ ស្ថាប័នមានសមត្ថកិច្ចឡាវ រៀនសូត្រពីបទពិសោធរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នៅក្នុងសិក្ខាសាលាខាងលើ រដ្ឋសភាវៀតណាម-ឡាវ និងស្ថាប័ននានារបស់រដ្ឋាភិបាលបានផ្លាស់ ប្តូរបទពិសោធគ្នាទៅវិញទៅមក ក្នុងការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គោលនយោ- បាយរូបិយបណ្ណ និងសារពើពន្ធ និងគោលនយោបាយផ្សេងៗទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធាន ធម្មជាតិ និងការកេងប្រវញ្ច។ លោក Nguyen Duc Hai មានជំនឿថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងរៀបចំសកម្មភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព បន្តចែករំលែកបទពិសោធ ទាំងទ្រឹស្តី និងការអនុវត្ត៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/parliaments-of-vietnam-laos-exchange-professional-experience/233595.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម