logo logo
banner1
ក្រុមការងារអន្តរសភា(IPU)ដើម្បីជួយដោះស្រាយវិបត្តិក្នុងប្រទេសអ៊ុយក្រែន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ និងទីក្រុងមូស្គូ
 

តបតាមការអញ្ជើញរបស់សភានៃប្រទេសអ៊ុយក្រែន និងសភានៃសហព័ន្ធរុស្ស៊ី ក្រុមការងារសហភាព អន្តរសភាសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ នឹងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន និងរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ី។ គណប្រតិភូនេះដឹកនាំដោយ លោកបណ្ឌិតAli Rashid Al Nuaimi ជាប្រធានក្រុមការងារ ជាអនុប្រធានសហភាពអន្តរសភា និងជាសមាជិកក្រុមប្រឹក្សាជាតិសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ សមាជិកគណៈប្រតិភូនេះរួមមាន ប្រធានសភាប្រទេសណាមីប៊ី ប្រធានសភាប្រទេសអាហ្វ្រិកខាងត្បូង ប្រធានសភាប្រទេសអ៊ុយរូហ្គាយ សមាជិកសភាប្រទេសឥណ្ឌូនេស៊ី អ៊ីស្រាអែល និងកាហ្សាក់ស្ថាន។ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏ឆៀងចូលសម្តែងការគួរសមដែរ ជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋប៉ូឡូញ ក្នុងរដ្ឋធានីវ៉ាសូវី។

គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីស្វែងរកដំណោះស្រាយផ្នែកសភា ដើម្បីរួមចំណែក​បញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ គំនិតផ្តួមផ្តើមស្វែងរកដំណោះស្រាយកម្រិតសភាពិភព-លោកនេះ គឺជាការបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងកម្រិតរដ្ឋាភិបាល និងកម្រិតអង្គការសហប្រជាជាតិ។ គំនិតផ្តួមផ្តើមនេះ គឺស្របគ្នាផងដែរនឹងគោលដៅរបស់សហភាពអន្តរសភា ក្នុងការកសាងនូវសភាដែលមានគណនេយ្យភាពនិងការចូលរួមទូលំទូលាយពីផ្នែកនានាក្នុងសង្គម សភាដែលធានាការគោរពសិទ្ធិប្រជាពលរដ្ឋគ្រប់រូប សភាដៃលមានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល និងសភាដែលធានាការគោរពច្បាប់អន្តរជាតិនិងការប្តេជ្ញារបស់ពិភពលោក។

ក្រុមការងារខាងលើនឹងប្រើប្រាស់តួនាទីរបស់ខ្លួន​ ដើម្បីលើកទឹកចិត្តឱ្យការពិភាក្សាគ្នារវាងសមាជិកសភាប្រទេសអ៊ុយក្រែននិងរុស្ស៊ី។ កម្មវត្ថុរយៈពេលខ្លីរបស់ក្រុមការងារនេះ គឺជួយសម្រេចឱ្យបាននូវបទឈប់បាញ់ពេញលេញនិងយូរអង្វែងមួយ និងជួយរៀបចំឱ្យមានជំនួយមនុស្សធម៌ទៅដល់តំបន់រងគ្រោះ។ កម្មវត្ថុរយៈពេលវែងរបស់ក្រុមការងារនេះ គឺកសាងឡើងវិញនូវទំនាក់ទំនងប្រកបដោយចីរភាពនិង​សន្តិភាពរវាងសភាប្រទេសអ៊ុយក្រែននិងរុស្ស៊ី។ ក្រុមការងារនេះក៏មានគោលបំណងផងដែរ ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងការគោរពគោលការណ៍គ្រឹះដែលកំណត់ក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

 

http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៣-០៧-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/press-releases/2022-07/ipu-task-force-ukraine-visits-kyiv-and-moscow



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`