logo logo
banner1
លោកស្រីនាយករដ្ឋមន្រ្តីបារាំង រួចផុតពីញត្តិបោះឆ្នោត ដកសេចក្តីទុកចិត្តនៅក្នុងសភា
 

 លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបារាំង

លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបារាំង​​កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភា ដែលស្នើឡើងដោយគណបក្ស ប្រឆាំងដែលជាគណបក្សឆ្វេងនិយមមានជំហរតឹងរ៉ឹង។ ញត្តិខាងលើ ចាំបាច់ត្រូវមានសំឡេងគាំទ្រ២៨៩​ ទើបអាចអនុម័តបាន ប៉ុន្តែមានការគាំទ្រតែ ១៤៦សំឡេងប៉ុណ្ណោះ នៃសមាជិកសភា៥៧៧រូប បន្ទាប់ពីការពិភាក្សាដេញដោលនៅក្នុងសភាអស់រយៈពេលជិត ៣ម៉ោង។

គណបក្ស LFI បាននាំយកញត្តិប្រឆាំងនឹងលោកស្រី Borne ដែលដឹកនាំរដ្ឋាភិបាលសំឡេងភាគ តិច ប៉ុន្តែលោកស្រីបានផុតពីគ្រោះថ្នាក់ នៅពេលដែលគណបក្សប្រឆាំងដទៃទៀតបានច្រានចោលញត្តិ មួយនេះ នៅមុនពេលបោះឆ្នោត។ ក្នុងពេលពិភាក្សាដេញដោល លោកស្រីនាយករដ្ឋមន្រ្តីបានចោទគណបក្ស LFI ថា បានបង្វែរពេលវេលាដ៏សំខាន់របស់សភាចេញពីប្រធានបទសំខាន់ៗ។

លោកស្រី Borne ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដោយលោក Emmanuel Jean-Michel Frédéric  Macron ប្រធានាធិបតីបារាំង កាលពីខែឧសភា ឆ្នាំ២០២២ មួយខែមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលក្រោយការបោះឆ្នោតគណបក្សកាន់អំណាចនិយមកណ្តាល បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួន។ ប៉ុន្តែលោក Alexis Corbiere សមាជិកសភាជាន់ខ្ពស់របស់គណបក្ស LFI បានថ្លែងថា “យើងនឹងមិនអាចទទួលយកបានឡើយ ចំពោះនរណាម្នាក់ដែលឡើងកាន់អំណាចនៅក្នុងប្រទេសមួយ នេះ ដែលទទួលបានភាពស្របច្បាប់ដោយគ្រាន់តែការតែងតាំងពីប្រធានាធិបតី”។ ការបោះឆ្នោតនេះ គឺជាការបញ្ជាក់ពីនយោបាយថា អ្នកដែលបោះឆ្នោតមិនគាំទ្រញត្តិនេះ បញ្ជាក់ថា ពួកគេគាំទ្រគោលនយោ បាយរបស់រដ្ឋាភិបាលបារាំង។

លោកស្រី Borne វ័យ៦១ឆ្នាំ បានបង្ហាញយ៉ាងច្បាស់ថា លោកស្រីមានចេតនាពឹងផ្អែកលើសំឡេងឆ្នោតពីគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់ ដែលគេមើលឃើញថា គណបក្សអ្នកសាធារណរដ្ឋស្តាំនិយម ពិតជាសំខាន់សម្រាប់អនាគតនយោបាយរបស់លោកស្រី។ មានន័យថា ចាំបាច់ត្រូវមានការគាំទ្រពីសមា ជិកសភាខាងគណបក្សសាធារណរដ្ឋទាំង ៦២រូប ទើបគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាលរបស់លោកស្រី ក្នុងការអនុម័តច្បាប់ ពេញមួយនីតិកាលនៃអាណត្តិសភាបច្ចុប្បន្ន៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/french-pm-survives-no-confidence-motion-in-pa-1535142.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`