logo logo
banner1
នៅចំពេលនៃសង្រ្គាមនៅអ៊ុយក្រែន សភាឌូម៉ាសហព័ន្ធរុស្ស៊ីនឹងប្រជុំសភាវិសាមញ្ញនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាឌូម៉ា(សភាជាន់ទាបសហព័ន្ធរុស្ស៊ី)

សភាជាន់ទាបសហព័ន្ធរុស្ស៊ីនឹងប្រជុំវិសាមញ្ញនៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការសម្រេចរបស់ក្រុមប្រឹក្សាសភាកាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។ ការកោះប្រជុំនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីបានព្រមានថា លោកនៅមិនទាន់ចាប់ផ្តើមសង្រ្គាមមួយពិតប្រាកដ នៅក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ។ លោក​ Putin បានប្រើប្រាស់កិច្ចប្រជុំជាមួយមេដឹកនាំសភា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីបង្ហាញការមិនខ្លាចរអាទៅនឹងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ដែលព្យាយាមផ្តួលរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ មេដឹកនាំសភារុស្ស៊ីបានអរគុណដល់លោក Putin ចំពោះការសម្រេចចិត្តរបស់គាត់។

សភារុស្ស៊ី ដែលក្តោបក្តាប់ដោយគណបក្សដែលតែងតែគាំទ្រលោក Putin នោះបានធ្វើបញ្ជីវិសោធនកម្មមួយចំនួនស្តីពីគោលនយោបាយនៃការប្រកួតប្រជែង និងព័ត៌មាន ដែលនឹងត្រូវពិភាក្សាដេញដោលនៅ ក្នុងសម័យប្រជុំសភាវិសាមញ្ញ។ លោក Vladimir Vasilyev ប្រធានគណបក្សរួបរួមរុស្ស៊ីដែលមាន៣២៥   អាសនៈនៃ ៤៥០អាសនៈនៅក្នុងសភាបានថ្លែងថា សមាជិកសភានឹងពិភាក្សាលើកិច្ចការប្រមាណជា ៦០ នៅឯសម័យប្រជុំ។ លោក Vasilyev បានថ្លែងបន្តថា ក្រុមប្រឹក្សាសភាបានពិភាក្សាពីរបៀបវារៈសម្រាប់សម័យប្រជុំលើកទី១៥ យើងគ្រោងនឹងពិនិត្យពិចារណាលើកិច្ចការមិនតិចជាង ៦០ ហើយលោកមិនបានបញ្ចេញថាមានកិច្ចការអ្វីខ្លះនោះទេ។ ប៉ុន្តែមេដឹកនាំគណបក្សកុម្មុយនិស្តបានថ្លែងថា មានសេចក្តីព្រាងច្បាប់ច្រើនជាង ៨០ នឹងត្រូវបានពិភាក្សានៅក្នុងសម័យប្រជុំសភានាពេលខាងមុខ។

នៅឯកិច្ចប្រជុំជាមួយលោក Putin កាលពីថ្ងៃព្រហស្បតិ៍ដដែល លោក Vyacheslav Volodin ប្រធាន សភាឌូម៉ារុស្ស៊ី បានថ្លែងប្រាប់លោក ​Putin ថា សភារុស្ស៊ីនឹងជួយគាំទ្រដល់សាធារណរដ្ឋចំនួន២ ដែលប្រកាសបំបែកខ្លួន នៅភាគខាងកើតអ៊ុយក្រែន ក្នុងការបង្កើតប្រព័ន្ធច្បាប់របស់ខ្លួន។ លោក Putin បានថ្លែងថា “ប្រតិ    បត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន គឺមានភាពចាំបាច់ព្រោះរដ្ឋាភិបាលទីក្រុងមូស្គូត្រូវការពារប្រជាជនដែលនិយាយភាសារុស្ស៊ីប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញ ដែលលោកថាក្រុមប្រទេសលោកខាងលិចបានធ្វើជាមិនដឹងមិនឮចំពោះពួកគេ។ លោក Putin បន្តិចម្តងៗបានទាញទម្លាក់ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទៅជាសមរភូមិប្រយុទ្ធរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដែលលោកថា សហរដ្ឋអាម៉េរិកបានធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខ ចាប់តាំងពីការដួលរលំនៃអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១មក ដោយបានពង្រីកខ្លួនអង្គការណាតូឆ្ពោះមកកាន់ភាគខាងកើត និងបានប្រើប្រាស់អ៊ុយក្រេនដើម្បីគំរាមដល់ខ្លួន៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.reuters.com/world/europe/amid-ukraine-war-russian-parliament-hold-extraordinary-session-2022-07-11/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`