សម័យប្រជុំសាមញ្ញលើកទី៣ នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសការអនុម័តលើសេចក្តីព្រាងវិសោធនកម្មចំនួន៦ និងសេចក្តីព្រាងច្បាប់ថ្មីចំនួន៣ នៅក្នុងសម័យប្រជុំសាមញ្ញលើកទី៣ របស់ខ្លួនដែល ទើបនឹងបញ្ចប់។ កាលពីថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីបិទសម័យប្រជុំក្រោមការដឹកនាំរបស់ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងមានការចូលរួមពីលោកប្រធានាធិបតី Thongloun Sisoulith, លោក នាយករដ្ឋមន្ត្រី Phankham Viphavanh, មន្ត្រីរដ្ឋាភិបាល និងតំណាងរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាឡាវ បានអនុម័តលើរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ផែនការថវិការដ្ឋ ផែនការរូបិយវត្ថុក្នុងរយៈពេល៦ខែកន្លងមក និងទិសដៅសម្រាប់ឆមាសទី២ សម្រាប់ឆ្នាំ២០២២។ របាយការណ៍របស់រដ្ឋាភិបាលបានពិនិត្យលើការអនុវត្តច្បាប់ស្តីពីដីធ្លី ការជំរុញការ វិនិយោគ ទ្រព្យសម្បត្តិរដ្ឋ និងធនធានរ៉ែ កំណែទម្រង់សហគ្រាសរដ្ឋ ព្រមទាំងការបើកប្រទេសឡើងវិញ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ រដ្ឋសភាឡាវបានអនុម័តច្បាប់ថ្មីស្តីពីវិចិត្រសិល្បៈ, សុវត្ថិភាពទំនប់ទឹក, ការគ្រប់គ្រងអាវុធ និងជាតិផ្ទុះ ព្រមទាំងការធ្វើវិសោធនកម្មលើច្បាប់ស្តីពីទ្រព្យសម្បត្តិរដ្ឋ, ការគ្រប់គ្រងការ ប្តូរប្រាក់បរទេស, ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម, តុលាការប្រជាជន, ការដោះស្រាយបណ្តឹង សារទុក្ខ និងស្តីពីការគ្រប់គ្រងទឹក និងធនធានទឹក។
សម័យប្រជុំសាមញ្ញលើកទី៣ របស់រដ្ឋសភាឡាវ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមិថុនា ក៏បានអនុម័តលើការរុះរើថ្នាក់ដឹកនាំរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែមិថុនា ជាមួយនឹងការតែងតាំងរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងកិច្ចការបរទេសជាឧបនាយករដ្ឋមន្ត្រីថ្មី, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មថ្មី, ទេសាភិបាលធនាគារកណ្តាលថ្មី និងប្រធានអាជ្ញាធរសវនកម្មរដ្ឋថ្មី ៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/asiapacific/20220709/d9795099c707496285fd75dfc50f1076/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម