logo logo
banner1
បណ្តាញសមាជិកាសភាប្រើប្រាស់ភាសាបារាំង(APF) អនុម័ត សេចក្តីសម្រេចស្តីពីការបញ្ចប់អំពើហិង្សាលើយែនឌ័រ
 

សន្និបាតសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៧

បណ្តាញសមាជិកាសភា(APF)  ក្នុងមហាសន្និបាតលើកទី៤៧ នៃសភាប្រើប្រាស់ភាសាបារាំង(APF)  បានអនុម័តពង្រាងសេចក្តីសម្រេចមួយស្តីពីក្របខ័ណ្ឌគោលនយោបាយដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការបៀតបៀនលើស្រ្តី និងកុមារ នៅក្នុងសភានិយាយភាសាបារាំង។ សេចក្តីសម្រេចខាងលើស្នើឡើងដោយក្រុមសមាជិកសភាទីក្រុង Quebec នៃសភា APF មកកាន់បណ្តាញសមាជិកាសភា​ ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅឯមហាសន្និបាតដែលកំពុងធ្វើឡើងនៅក្នុងរដ្ឋធានី Kigali ប្រទេសរវ៉ាន់ដា ទទួលស្គាល់ និងលើកឡើងពីច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកាតព្វកិច្ចរបស់រដ្ឋាភិបាលប្រទេសនានាដែលត្រូវតែគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិស្រ្តី។

សេចក្តីសម្រេចនេះ ផ្អែកលើអនុសញ្ញាលេខ ១៩០ របស់អង្គការពលកម្មអន្តរជាតិពាក់ព័ន្ធនឹងការលុប បំបាត់អំពើហិង្សា​ និងការបៀតបៀននៅក្នុងការងារនៅទូទាំងពិភពលោក ដែលអនុម័តក្នុងឆ្នាំ២០១៩ ស្តីពីសិទ្ធិសម្រាប់គ្រប់គ្នាក្នុងការទទួលបានបរិយាកាសការងារដោយគ្មានអំពើហិង្សា និងការបៀនបៀន ជាពិសេសលើយែនឌ័រ។ សមាជិកសភាគួរតែនាំមុខគេ ក្នុងការធានាថា បរិយាកាសការងាររបស់ពួកគេគ្មានអំពើហិង្សា និងការបៀតបៀនរាល់គ្រប់ទម្រង់ទាំងអស់។ បណ្តាញសមាជិកាសភា APF ដែលប្រជុំនៅក្នុងទីក្រុង Kigali បានស្នើដល់សមាជិក APF ទាំងអស់ត្រូវធ្វើអាកប្បកិរិយាជាគំរូ ដោយគ្មានការបៀតបៀនណាមួយ និងការអនុវត្តណាមួយដែលមិនអាចទទួលយកបាន ឬការគំរាមកំហែងណាមួយដែលធ្វើឡើងដោយចេតនាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រូបកាយ ផ្លូវចិត្ត ផ្លូវភេទ ឬផ្លូវសេដ្ឋកិច្ច រួមទាំង អំពើហិង្សាលើយែនឌ័រ។

លោកស្រី Maryse Gaudreault ប្រធានបណ្តាញសមាជិកាសភា APF បានថ្លែងថា “សេចក្តីសម្រេចខាងលើបានអញ្ជើញសមាជិកសភា APF ឱ្យស្វែងយល់ និងបំផុសគំនិតចេញពីក្របខ័ណ្ឌគោលនយោបាយ ដើម្បីរារាំង និងប្រយុទ្ធនឹងការបៀតបៀន ព្រមទាំងត្រូវបុរេសកម្មដើម្បីរៀបចំនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងការបៀតបៀននៅក្នុងសភា”។ សមាជិកសភា APF ត្រូវធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយប្រឆាំងនឹងការបៀតបៀន ដោយផ្តល់ជំនួយ និងសេវាទូន្មាន ផ្តល់នូវការបណ្តុះបណ្តាលបុគ្គលិក និងសមាជិកសភាទាំងអស់ ដោយបង្កើតយុទ្ធនាបង្កើនការយល់ដឹង តាមរយៈការត្រួតពិនិត្យជាទៀងទាត់ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយ។ ពង្រាងសេចក្តីសម្រេចខាងលើនឹងត្រូវបញ្ជូនទៅកាន់អង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំង(OIF) ដើម្បីធ្វើសកម្មភាពបន្ថែមទៀត៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ktpress.rw/2022/07/women-parliamentary-network-adopts-resolution-on-ending-gender-based-violance/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`