លោក Vyacheslav Volodin ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ីថ្លែងបិទសម័យប្រជុំពេញអង្គនិទាឃរដូវ
កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) បានគម្រាមថា នឹងយកតំបន់ Alaska ត្រឡប់មកវិញ ប្រសិនបើសហរដ្ឋអាមេរិក បង្កក ឬរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយសារតែទណ្ឌកម្មឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ លោក Volodin បានថ្លែងក្នុងសម័យប្រជុំសភាលើកចុងក្រោយ នៅមុនពេលសភាចូលវិស្សមកាលនារដូវក្តៅខាងមុខនេះថា «អាមេរិកត្រូវចងចាំជានិច្ចថា រុស្ស៊ីនៅមានទឹកដីមួយផ្នែកទៀតរបស់ខ្លួន គឺរដ្ឋ Alaska»។
លោក Volodin បានលើកឡើងទៀតថា «នៅពេលដែលសហរដ្ឋអាមេរិកកំពុងតែព្យាយាមគ្រប់គ្រងធនធានរបស់យើងនៅបរទេស សូមគិតពិចារណាឡើងវិញ នៅមុនពេលដែលខ្លួនប្រព្រឹត្តទង្វើមកលើយើង យើងក៏មានអ្វីមួយត្រូវយកត្រឡប់មកវិញដែរ»។ ប្រធានសភាជាន់ទាបរុស្ស៊ីរូបនេះ បានកត់សម្គាល់លើ មតិយោបល់របស់លោក Pyotr Tolstoy អនុប្រធានសភាជាន់ទាបរុស្ស៊ី ដែលបានស្នើឱ្យធ្វើប្រជាមតិមួយក្នុងចំណោមប្រជាពលរដ្ឋក្នុងរដ្ឋ Alaska ដើម្បីដាក់បញ្ចូលក្នុងប្រទេសរុស្ស៊ី។
លោក Volodin បានឆ្លើយតប បន្ទាប់ពីការសាទររបស់សមាជិកសភាជាន់ទាបរុស្ស៊ីថា «យើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ»។ លោក Volodin បានស្នើកាលពីលើកមុនថា រដ្ឋាភិបាលក្រុងមូស្គូ ក៏អាចរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសដែលបង្កជម្លោះជាមួយរុស្ស៊ីបានដែរពាក់ព័ន្ធនឹងសំណើរបស់សហរដ្ឋអាមេរិកដែលស្នើឱ្យលក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសយកទៅជួយកសាងប្រទេសអ៊ុយកែន។
ប្រទេសរុស្ស៊ីបានលក់រដ្ឋ Alaska ទៅឱ្យសហរដ្ឋអាមេរិកក្នុងឆ្នាំ១៨៦៧ ក្នុងតម្លៃ ៧.២ លាន ដុល្លារសហរដ្ឋអាមេរិក ឬប្រហែល ២ សេន ក្នុង ១ អា (acre)។
វោហាសាស្ត្រដែលបានធ្វើឱ្យឡើងកម្តៅកាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ ដែលសំដៅ លើសហរដ្ឋអាមេរិកនោះ មិនត្រូវបានគេកំណត់លើលោក Volodin ឡើយ ចំពេលដែលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងប្រទេសលោកខាងលិច។ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ីបានយកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអំពាវនាវ ដោយគម្រាមពីសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើតុលការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាត់វិធានការដក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងប្រទេសអ៊ុយក្រែន។ លោក Dmitry Peskov អ្នកនាំពាក្យលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយក្នុងបទសម្ភាសន៍នៅខណៈពេលនោះថា «យើងនឹងមិនទុកចិត្តលើប្រទេសលោកខាងលិចទៀតឡើយ»៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.themoscowtimes.com/2022/07/07/russian-house-speaker-threatens-to-take-back-alaska-a78230
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម