កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភាជាន់ទាបសហព័ន្ធរុស្សី បានឯកភាពក្នុងដំណាក់ពិនិត្យពិភាក្សាលើកទី១ លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចបង្ខំក្រុមហ៊ុនអាជីវកម្មឱ្យផ្គត់ផ្គង់ដល់កងទ័ពនូវទំនិញចាំបាច់ និងអាចបង្ខំឱ្យនិយោជិតក្រុមហ៊ុនអាជីវកម្មឱ្យធ្វើការបន្ថែមម៉ោង ដើម្បីគាំទ្រដល់សកម្មភាពនៃការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកyuri Borisov ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងប្រាប់សភាថា៖ ច្បាប់ទាំងពីរនេះ ផ្តល់ការគាំទ្រដល់កងទ័ពក្នុងស្ថានភាពដែលសេដ្ឋកិច្ចរុស្ស៊ីកំពុងរងសម្ពាធទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច រយៈពេលជិត៤ខែមកហើយ ដោយសារប្រតិបត្តិយោធាពិសេសរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ក្នុងស្ថានភាពបែបនេះ ដំណើរការនៃឧស្សាហកម្មដែលពាក់ព័ន្ធវិស័យការពារជាតិ កាន់តែមានសារៈសំខាន់ខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ដើម្បីធានាដល់ការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវ វាគឺជារឿងចាំបាច់ដែលត្រូវការបង្កើនផលិតភាពនៃស្រឡាយផលិតកម្មរបស់ឧស្សាហកម្ម និងសហគ្រាស ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ។
សេចក្តីព្រាងច្បាប់មួយ ក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ បានចែងថា រដ្ឋចំណុះរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី មានសិទ្ធិដាក់ចេញនូវ ”វិធានការសេដ្ឋកិច្ចពិសេស” នៅក្នុងអំឡុងពេលនៃប្រតិបត្តិការយោធា ដោយតម្រូវឱ្យរោងចក្រសហគ្រាសផ្គត់ផ្គង់ទំនិញនិងសេវាកម្មដល់កងទ័ព ទៅតាមតម្រូវការរបស់ រដ្ឋាភិបាលរុស្ស៊ី។ សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះ បានរៀបរាប់ថា កងទ័ពត្រូវការសម្ភារៈ និងការជួសជុលថែទាំអាវុធ ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងយុទ្ធនាការក្នុងប្រទេសអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់មួយទៀត គឺជាវិសោធនកម្មច្បាប់ការងារ ដើម្បីផ្តល់អំណាចដល់ រដ្ឋាភិបាល ក្នុងការកំណត់ចំនួនម៉ោងបំពេញការងារប្រចាំថ្ងៃ កំណត់ថ្ងៃឈប់សម្រាករបស់និយោជិត និងអាចលុបចោលថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតទៀតផង។ ដែលនេះមានន័យថា រដ្ឋាភិបាលអាច បង្ខំនិយោជិតក្រុមហ៊ុនឱ្យធ្វើការងារទាំងយប់ ថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។
ទោះបីជាយ៉ាងនេះក្តី សេចក្តីព្រាងច្បាប់ទាំងពីរខាងលើត្រូវឆ្លងកាត់ការពិនិត្យពិភាក្សាចំនួន២លើក ទៀតក្នុងសភាជាន់ទាប មុននឹងបញ្ជូនទៅព្រឹទ្ធសភា។ ក្នុងករណីព្រឹទ្ធសភាអនុម័តយល់ព្រម សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី Vladimir Putin ចុះហត្ថលេខាប្រែក្លាយទៅជាច្បាប់៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៧-២២- មាស តូនី ប្រែសម្រួលពី៖ https://www.devdiscourse.com/article/law-order/2098424-russian-parliament-passes-first-vote-on-war-economy-measures?amp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម