ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី
សភាសហព័ន្ធរុស្ស៊ីគាំទ្រសេចក្តីព្រាងច្បាប់មួយដែលនឹងបង្កើនការជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ ចំពោះជនទាំងឡាយណាដែលត្រូវបានរកឃើញថា បានសហការដោយសំងាត់ជាមួយអង្គការអន្តរជាតិដែលជាផ្នែកមួយនៃកញ្ចប់ថ្មី “ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិ”។
រុស្ស៊ីបានលាបពណ៌រួចទៅហើយទៅលើគូប្រជែងនយោបាយរបស់លោកប្រធានាធិបតី Vladi mir Putin ថាជា “ជនជ្រុលនិយម” និងបានដាក់ពន្ធនាគារមេដឹកនាំរបស់ពួកគេ។ ជនប្រឆាំងជាច្រើនរូបបាន រត់និរទេសខ្លួន ក្នុងពេលរដ្ឋាភិបាលធ្វើការបង្រ្កាប ដែលធ្វើឡើងកាលពី ២ឆ្នាំកន្លងមក។ ក្រុមសិទ្ធិមនុស្សដ៏លេចធ្លោបំផុតមួយរបស់រុស្ស៊ីត្រូវបានបិទចោលនៅក្នុងឆ្នាំនេះ ក្រោមលេសថាមិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវក្នុងនាមជាភ្នាក់ងារបរទេស។ ចាប់តាំងពីការបញ្ជូនកងទ័ពទៅក្នុងប្រទេសអ៊ុយក្រែនក្នុង ខែកុម្ភៈ ឆ្នាំ២០២២មក រដ្ឋាភិបាលទីក្រុងមូស្គូកាន់តែរឹតបន្តឹងការប្រឆាំង រួមទាំង ការដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ ចំពោះការរាយការណ៍ណាមួយដែលខុសពីគណនីផ្លូវការនៃ “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួន ហើយចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ទើរតែទាំងអស់ក្នុងប្រទេសរុស្ស៊ីត្រូវបានបិទចោល។
កញ្ចប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័តក្នុងការពិនិត្យ-ពិភាក្សាលើកទី២ នៅក្នុងសភាឌូម៉ា(សភាជាន់ទាបរុស្ស៊ី)នឹងដាក់ទោសរហូតដល់ ៨ឆ្នាំចំពោះ “ការសហការដោយសំងាត់” ជាមួយអង្គការបរទេស ឬចែករំលែកព័ត៌មានដែលអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី។ អាចជាប់ ពន្ធនាគាររហូតដល់ ៤ឆ្នាំ ចំពោះ “ការធ្វើបាតុកម្មជាសាធារណៈម្តងហើយម្តងទៀត ដោយប្រើនិម្មិតសញ្ញាណាស៊ីនិយម(Nazism) និងអង្គការជ្រុលនិយម”។
ជនជាតិរុស្ស៊ីរូបណាដែលចូលរួមក្នុងសកម្មភាពយោធាដែល “ផ្ទុយទៅនឹងផលប្រយោជន៍របស់សហ ព័ន្ធរុស្ស៊ី អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ”។ សេចក្តីព្រាងច្បាប់ខាងលើនឹង“បង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសម្រាប់តាមដាន ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឧក្រិដ្ឋដែលធ្វើឡើងដើម្បីធ្វើឱ្យអន្តរាយដល់គ្រឹះនៃប្រព័ន្ធរដ្ឋធម្មនុញ្ញ សមត្ថភាពការពារជាតិ និងសន្តិសុខជាតិ”៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.tbsnews.net/world/russian-parliament-backs-tougher-penalties-crimes-against-state-453654
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម