លោកស្រី Sylviana Murin សមាជិកាសភាឥណ្ឌូនេស៊ី និងលោក Tran Thanh Man អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម
កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក Tran Thanh Man អនុប្រធានអចិន្រ្តៃយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលចួបគណៈប្រតិភូក្រុមប្រឹក្សាតំណាងតំបន់ ”DPD“ (សភាជាន់ខ្ពស់សាធារណរដ្ឋឥណ្ឌូនេស៊ី) ដឹកនាំដោយលោកស្រី Sylviana Murin ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសភា។ លោក Man បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីការចាប់ផ្តើមឡើងវិញនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក របស់គណៈប្រតិភូនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្រោយពីត្រូវបានខកខានជាយូរមកហើយ ដោយសារតែជំងឺរាតត្បាតជាសកលកូវីដ-១៩។
លោក Man បានបង្ហាញនូវជំនឿថា កិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរនឹងរួមចំណែក ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌូនេស៊ី និងអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាសំខាន់ និងមានបំណងអភិវឌ្ឍថែមទៀតនូវមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តជាមួយឥណ្ឌូនេស៊ី។ ក្នុងគា្រដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០២៣ លោក Man បានស្នើឱ្យភាគីទាំងពីរសហការគ្នាឱ្យកាន់តែ ជិតស្និទ្ធជាងមុន ដើម្បីលើកកម្ពស់ភាពជាដៃគូឈានទៅរកកម្រិតថ្មីមួយ ជាពិសេស លើកកម្ពស់កិច្ចសហ ប្រតិបត្តិការសភា ដែលសមាមាត្រទៅនឹងភាពជាដៃគូយុទ្ធសាស្រ្តទ្វេភាគី។
ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនៅឯអង្គការ និងវេទិកាពហុភាគីកាលពីអតីតកាល លោក Man បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភាពិគ្រោះយោបល់ប្រជាជន”DPR“(សភាជាន់ទាបឥណ្ឌូនេស៊ី) នៅឯវេទិកាអន្តរជាតិ តំបន់ និងអន្តរសភា។ សម្រាប់ភាគីឥណ្ឌូនេស៊ី លោកស្រី Sylviana Murin បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លោកស្រី Murin បានថ្លែងបន្តថា សភាឥណ្ឌូនេស៊ីនឹងរក្សាកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធជាមួយ ភាគីវៀតណាម នៅឯវេទិកាតំបន់ អន្តរជាតិ និងអន្តរសភា។ លោកស្រីបានបង្ហាញនូវក្តីសង្ឃឹមថា ភាគីទាំង ពីរនឹងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការសភា ក្នុងពេលខាងមុខ។ ក្នុងថ្ងៃដដែលនោះ គណៈប្រតិភូ សភាឥណ្ឌូនេស៊ីក៏បានចូលចួបសម្តែងការគួរសម លោក Bui Van Cuong អគ្គលេខាធិការ និងជាប្រធានការិយាល័យរដ្ឋសភា វៀតណាម ប្រធានាធិបតីវៀតណាម និងក្រុមមិត្តភាពសមាជិកសភាអាស៊ានផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-indonesia-enhance-parliamentary-collaboration/232215.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម