លោកស្រី Elena Shulyak អនុប្រធានគណៈកម្មាធិការរៀបចំអំណាចរដ្ឋនៃសភាអ៊ុយក្រែន
ចាប់តាំងពីថ្ងៃចាប់ផ្តើមឈ្លានពានពេញទំហឹងលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក សហព័ន្ធរុស្ស៊ីបានបំផ្លិចបំផ្លាញលំនៅឋានជាង ១៥លានម៉ែត្រការ៉េ។ តាមការប៉ាន់ស្មានមានមនុស្សប្រមាណ ៨០០,០០០នាក់គ្មានទីជម្រក។ លោកស្រី Elena Shulyak អនុប្រធានគណៈកម្មាធិការរៀបចំអំណាចរដ្ឋនៃសភាអ៊ុយក្រែនបានថ្លែងថា “ជនឈ្លានពានរុស្ស៊ី បានបំផ្លិចបំផ្លាញលំនៅឋានប្រជាជនអ៊ុយក្រែនជាង ១៥លានម៉ែត្រការ៉េ”។ លំនៅឋានខ្ទេចខ្ទាំធ្ងន់ធ្ងរបំផុត គឺនៅក្នុងតំបន់ Donetsk, Kharkiv, Kyiv និងតំបន់ Chernihiv។ មកទល់ពេលនេះ មានពលរដ្ឋប្រមាណ ២២០,០០០នាក់ បានបញ្ជូនពាក្យស្នើសុំសំណងចំពោះការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ខ្លួន។
ការឈ្លានពានពីសំណាក់យោធារុស្ស៊ី បង្កឱ្យមានមហន្តរាយលើវិស័យឧស្សាហកម្ម ហេដ្ឋារចនា សម្ព័ន្ធ និងទីតាំងសង្គមសំខាន់ៗរបស់អ៊ុយក្រែន។ ការខូចខាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន មានទំហំមិនអាចគណនាបាន។ រដ្ឋអ៊ុយក្រែន ទទួលខុសត្រូវក្នុងការស្តា និងផ្តល់សំណងដល់ពលរដ្ឋចំពោះការខូចខាតដោយសង្រ្គាម ដោយបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សំណងដល់ពលរដ្ឋសម្រាប់ការខូចខាតផ្ទះសម្បែង ១ខែ ក្រោយពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។ សេចក្តីព្រាងច្បាប់នេះ បាន បញ្ជូនដល់សភានៅថ្ងៃទី២៤ ខែមីនា និងអនុម័តជាបឋម នៅថ្ងៃទី១ ខែមេសា ហើយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឈានដល់ដំណាក់កាលពិនិត្យ-ពិភាក្សាលើកចុងក្រោយដើម្បីសភាពេញអង្គអនុម័ត។
ប៉ុន្តែបញ្ហាដែលកំពុងតែប្រឈមនោះគឺថា តើត្រូវគណនាទំហំនៃការបំផ្លិចបំផ្លាញ និងទំហំទឹកប្រាក់សរុបនៃសំណងបែបណា នៅគ្រាដែលការសាងសង់ផ្ទះបណ្តោះអាសន្នពិតជាសំខាន់ណាស់ ដើម្បីផ្តល់ ជម្រកប្រជាជនដែលបាត់បង់ទីជម្រក នៅមុនរដូវរងាមកដល់។ ពេលនេះ មានជនរសាត់អណ្តែតផ្លូវការប្រមាណ ២.១លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន។ ឆ្លើយតបចំពោះបញ្ហានេះ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានដាក់ចេញនូវកម្មវិធីមួយផ្តល់ទីជម្រកបណ្តោះអាសន្នសម្រាប់ជនទាំងឡាយណាដែលរត់ ភៀសខ្លួនពីសង្រ្គាម។ កម្មវិធីខាងលើនេះ បានប៉ាន់ប្រមាណពីការសាងសង់អាគារស្នាក់នៅរួម ២០០០ ខ្នង ក្នុង១តំបន់ នៃ១៥តំបន់ នៅក្នុងប្រទេសអ៊ុយក្រែន។ ការសាងសង់អាគារស្នាក់នៅរួមបន្ថែម ៣០, ០០០ខ្នងទៀត នៅក្នុងតំបន់ទាំង១៥ នៅក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានប៉ាន់ប្រមាណទុកផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.kyivpost.com/russias-war/ukraine-set-to-build-thousands-of-new-homes-to-help-displaced-citizens.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម