លោក Kim Jin-pyo ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា បន្ទាប់ពីជាប់ឆ្នោតជាប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ (Yonhap)
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ គណបក្សនយោបាយនានាដែលជាគូប្រជែងក្នុងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបោះឆ្នោតជ្រើសតាំងលោក Kim Jin-pyo សមាជិករដ្ឋសភារបស់គណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ ជាប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី បន្ទាប់ពីភាគីទាំងពីរ បានឈានដល់ការសម្របសម្រួលទម្លុះភាពទាល់ច្រក ដើម្បីដាក់ឱ្យសភាដំណើរការ បន្ទាប់ពីជាប់គាំងអស់រយៈពេលជាង ១ ខែ។
លោក Kim ដែលជាមាជិកសភា ៥ អាណត្តិ នឹងដឹកនាំរដ្ឋសភាពាក់កណ្តាលអាណត្តិទី២ នីតិកាលទី២១ រហូតដល់ខែឧសភា ឆ្នាំ២០២៤ ជាមួយអនុប្រធានសភា ២ រូប គឺលោកស្រី Kim Young-joo សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងលោក Chung Jin-suk សមាជិកសភាគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជនក៏ត្រូវបានជាប់ឆ្នោត ផងដែរ។
នៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោក លោក Kim បានអំពាវនាវឱ្យគណបក្សនយោបាយ ទាំងអស់ពន្លឿនការចរចា និងបញ្ចប់ការបង្កើតគណៈកម្មាធិការជំនាញរបស់សភា ដោយលោកបានសង្កត់ធ្ងន់អំពីភាពបន្ទាន់ ដើម្បីធ្វើឱ្យមានស្ថិរភាពដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ចំពេលការកើនឡើងនៃវិបត្តិសេដ្ឋកិច្ច។
លោក Kim បានលើកឡើងទៀតថា «ស្ថានការណ៍នេះ ធ្ងន់ធ្ងរពេកមិនអាចទុកបញ្ហានេះឱ្យរដ្ឋាភិបាលដោះស្រាយតែម្នាក់ឯងបានឡើយ»។ «ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចឱ្យបានឆាប់លើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ចូរយើងបង្កើតគណៈកម្មាធិការពិសេសរបស់សភាមួយ ដើម្បីដោះស្រាយបញ្ហានេះ»។
ការបោះឆ្នោតជ្រើសតាំងរូបលោកខណៈពេលនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានទទួលសំណើមួយពីគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន ដែលសហការឱ្យមានការបោះឆ្នោតជ្រើសតាំងប្រធានសភា និងអនុប្រធានសភាទាំងពីរ ក្រោមលក្ខខណ្ឌរបស់គណបក្សប្រជាធិបតេយ្យ ដែលបានសន្យាថា នឹងជ្រើសតាំងប្រធានគណៈកម្មាធិការជំនាញសភាដោយផ្នែកលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220704002153315?section=national/politics
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម