បន្តពីសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក នឹងក្លាយជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប(The Council of European Union) ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលនឹងបន្តដឹកនាំដោយព្រះរាជាណាចក្រស៊ុយអែត។ ខាងក្រោមគឺជាទស្សនៈមួយចំនួនរបស់សមាជិកសភាឆែក ដែលជាសមាជិកសភាអឺរ៉ុប៖
លោកLuděk Niedermayer បានថ្លែងថា បញ្ហាប្រឈមដ៏ធំបំផុតផ្នែកនីតិកម្មរបស់ឆែក គឺការធ្វើ ឱ្យរួចរាល់នូវសំណុំច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបៃតង(Fit for 55 Package) និងសំណុំ ច្បាប់ពាក់ព័ន្ធនឹងការលាងលុយកង្វក់ និងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផលវិបាកនៃសង្រ្គាមក្នុងប្រទេស អ៊ុយក្រែន។ ឆែកអាចទទួលបានប្រយោជន៍ពីកេរិ៍្តឈ្មោះនិងកិត្តិយសល្អ របស់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែលជានិច្ចកាលតែងតែមានការឆ្លើយតបយ៉ាងច្បាស់លាស់ និងឆាប់រហ័សចំពោះបញ្ហា។ អាទិភាពចម្បងមួយ គឺការផ្សព្វផ្សាយនូវសកម្មភាពរបស់សហភាពអឺរ៉ុប ជូនដល់ប្រជាពលរដ្ឋឆែក។”
លោកស្រីDita Charanzová យល់ឃើញថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប ត្រូវផ្តោតលើសង្រ្គាមនិងលទ្ធផលវិបាកនៃសង្រ្គាម។ លោកស្រីCharazová បានលើកឡើងថា៖”វាគឺជារឿងសំខាន់បំផុត ដែលយើងត្រូវរួបរួមគ្នា ដើម្បីឱ្យសហភាពអឺរ៉ុបមានភាពរឹងមាំក្នុងការតតាំងនឹងសហព័ន្ធរុស្ស៊ី និងជួយដល់ប្រទេសអ៊ុយក្រែន ទាំងជំនួយផ្នែកនយោបាយ និងហិរញ្ញវត្ថុ។” ការប្រឈមដ៏សំខាន់ គឺការធានាឱ្យបាននូវឯករាជ្យភាពផ្នែកសន្តិសុខថាមពល និងការទប់ស្កាត់អតិផរណានៃតម្លៃថាមពលនិងទំនិញ។
លោកMarcel Kolaja បានថ្លែងថា រយៈ៦ខែនៃការធ្វើជាប្រធានប្តូរវេននេះ គឺជាពេលវេលាដ៏លំបាក មួយ ដែលបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ត្រូវបង្ហាញឱ្យបានខ្លាំងជាងមុនអំពីឯកភាពនិងសាមគ្គីភាព។ ប្រទេសឆែក ត្រូវដើរតួនាទីជាដៃគូដ៏គួរឱ្យទុកចិត្តបាន ក្នុងការកសាងស្ពាននៃទំនាក់ទំនង និងត្រូវបង្កើតឱ្យបាននូវបរិយាកាសដែលមានភាពសម្របសម្រួល។
លោកស្រីKateřina Konečná សង្ឃឹមថា ក្រៅពីបញ្ហាសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ឆែកក្នុងនាមជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប នឹងត្រូវដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ដូចជាផែន ការសកម្មភាពអឺរ៉ុបសម្រាប់ជំងឺកម្រ ការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចរបស់អឺរ៉ុបនិងវិបត្តិថាមពល ជាដើម៕
http://ព័ត៌មានអង្គសភាអន្តរជាតិ ០២-០៧-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/headlines/eu-affairs/20220624STO33808/what-czech-meps-expect-from-their-country-s-council-presidency
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម